(ភ្នំពេញ)៖ បន្ទាប់ពីការប្រកួតមិត្តភាពរវាង All Stars កម្ពុជា និងក្រុម All Stars ឡាវ បានបញ្ចប់ដោយក្រុមម្ចាស់ផ្ទះជាអ្នកឈ្នះ ៣-២ កាលពីចុងសប្ដាហ៍កន្លងទៅហើយនោះ គេឃើញអ្នកចាំឆ្នើមនៃក្រុមជម្រើសជាតិកម្ពុជាទាំង ២រូប គឺកីឡាករ ស៊ូ យ៉ាទី និងសិស្សប្អូន អ៊ុ សេរីរ័ត្ន បានសរសេរសារខ្លីរៀងៗខ្លួន បង្ហោះលើ Facebook ដែលមើលទៅដូចជាមានទំនាស់ដោយប្រយោលជាមួយគ្នាអញ្ចឹង ។
សម្រាប់អ្នកចាំទីវ័យចាស់ ដែលទទួលបានរហ័យនាមជាអ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី បានសរសេរសារបង្ហោះលើ FB ផ្ទាល់ខ្លួន កាលពីម្សិលមិញថា «បើសិនជាអ្នកស្អប់ខ្ញុំ...? អ្នកអាចប្រាប់ខ្ញុំបាន.. សូមកុំធ្វើបែបនេះដាក់ខ្ញុំ..! មុនស្សបើនៅជាមួយគ្នាមិនទុកចិត្តគ្នាទេ ok ទុកអោយខ្ញុំជាអ្នកដើរចេញ.....» ។
បន្ទាប់មកនៅមុននេះបន្ដិច អ្នកចាំទីវ័យក្មេង កំពុងកសាងកេរ្ដិ៍ល្បីល្បាញក្នុងប្រទេសកម្ពុជា និងតំបន់ អ៊ុ សេរីរ័ត្ន ក៏បានបង្ហោះសារខ្លីមួយ ដែលមើលទៅដូចជាឆ្លើយតបទៅនឹងសាររបស់រាមច្បង ស៊ូ យ៉ាទី ។ សេរីរ័ត្ន បានសរសេរថា «បើអ្នកគិតថាការចាកចេញរបស់អ្នកធ្វើអោយអ្នកសប្បាយចិត្តខ្ញុំសុខចិត្តអោយអ្នកធ្វើតាមចិត្តរបស់អ្នកចុះ Good bay» ។
ការបង្ហោះសារដំណាលគ្នាបែបនេះ បានធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់ជាខ្លាំង ប៉ុន្ដែគេមិនទាន់ចាប់អារម្មណ៍ខ្លាំងនោះទេ នៅពេល ស៊ូ យ៉ាទី បង្ហោះសារម្នាក់ លុះដល់ អ៊ុ សេរីរ័ត្ន បង្ហោះសារមួយបន្ថែមទៀត ទើបគេគិតថា ប្រហែលជាពួកគេ មានរឿងអ្វីមិនស្រួល ឬមានទំនាស់អ្វីហើយ បានជានាំគ្នាសរសេរបែបនេះ ។ ម្យ៉ាងការលើកឡើងបែបនេះ ក៏ស្របពេល ស៊ូ យ៉ាទី មិនបានបង្ហាញវត្តមានពេល All Stars កម្ពុជា យកឈ្នះ All Stars ឡាវ កាលពីថ្ងៃមុន ដែលសង្គ្រោះពេញមួយប្រកួតដោយ អ៊ុ សេរីរ័ត្ន ក៏ថាបានដែរ ។
ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ថា អ្នកចាំទីឆ្នើមទាំងពីរ មានរឿងអ្វីនឹងគ្នា ឬមានរឿង ២ផ្សេងគ្នានោះទេ ព្រោះលេខទូរស័ព្ទអ្នកទាំងពីរ ដែលធ្លាប់ប្រើ គឺទាក់មិនចូល ដូច្នេះភ្នាក់ងារគេហទំព័រ KhmerTaking មិនអាចសុំការបកស្រាយពីពួកគេបានឡើយ ។ ប៉ុន្ដែបើយោងតាមសារខ្លីៗខាងលើ គេជឿជាក់ថា ពួកគេច្បាស់ជាមានរឿងនឹងគ្នាជាមិនខាន ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី