CamNews

ព័ត៌មានអន្តរជាតិ 

តែ១ឆ្នាំប៉ុណ្ណោះ ប្រទេសប្រេស៊ីល ប្រកាសថាមាន ជំងឺក្បាលតូចខុសពីធម្មតាជាង ២,០០០ករណី ដែលបង្កឡើងដោយ Zika

(ប្រេស៊ីល)៖ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា នៅក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពី ការកើតមានឡើងជាលើកដំបូង នៃករណីទារកកើតមកមានក្បាលតូចខុសធម្មតា (Microcephaly) ដោយសារការឆ្លងវីរុស Zika ប្រទេសប្រេស៊ីលបានបញ្ជាក់ថា ករណី Microcephaly ដែលពាក់ព័ន្ធ នឹងការឆ្លងវីរុសនេះ សរុបចំនួន ២,០៣៣ករណី បានកើតមានឡើងនៅក្នុងប្រទេស។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦។

នៅក្នុងចំណោមនោះ ករណីចំនួន៣៨១ ត្រូវបានបញ្ជាក់ដោយការធ្វើតេស្ត នៅក្នុងមន្ទីរពិសោធន៍ ហើយក្រៅពីករណី Mircrocephaly ជាងពីរពាន់ ដែលត្រូវបានបញ្ជាក់ដោយអាជ្ញាធរ ករណី Microcephaly (ទារកមានក្បាលតូច) ប្រមាណ ៣,០៥៥ផ្សេងទៀត កំពុងស្ថិតក្រោមការស៊ើបអង្កេត។   

លើសពីនេះទៅទៀត នៅក្នុងរយៈពេលមួយឆ្នាំ ការបាត់បង់ជីវិតចំនួន ៤៨៦ករណី ត្រូវបានគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹង Microcephaly ដែលបង្កដោយការឆ្លងនៃវីរុស Zika នៅអំឡុងពេលមានផ្ទៃពោះ ដោយមនុស្សចំនួន ១៧០នាក់ ត្រូវបានបញ្ជាក់ថា មានជាប់ទាក់ទងជាមួយនឹង ជំងឺ Microcephaly ពិតប្រាកដមែន។

គួរបញ្ជាក់ដែរថា ទោះបីទំនាក់ទំនងរវាង ការឆ្លងវីរុស Zika អំឡុងពេលមានផ្ទៃពោះ និងកំណើតនៃទារក មានក្បាលតូចខុសធម្មតា ត្រូវបានរាយការណ៍ជាលើកដំបូង នៅក្នុងប្រទេសប្រេស៊ីលក៏ដោយ ករណី Microcephaly ធ្លាប់បានកើតមានឡើងតាមបណ្តាប្រទេស មួយចំនួនផ្សេងទៀត នៅជុំវិញពិភពលោក ហើយអង្គការសុភាពពិភពលោក WHO ជឿជាក់ថា ករណី Microcephaly នឹងមកដល់ទ្វីបអាស៊ីដូចគ្នា៕


ប្រភព ៖ ស៊ិនហួរ


Tags: Zika Int news US Obama