(ក្រុងឡុងដ៍)៖ អតីតកីឡាករខ្សែបម្រើ Adam Johnson របស់ក្លឹបឆ្មាខ្មៅ Sunderland អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ ប្រសិន បើការស៊ើបអង្កេតរកឃើញថា បានប្រព្រឹត្តអំពើមិនគប្បីទៅលើក្មេងស្រីអនីតិជន (មិនទាន់គ្រប់អាយុ) មែននោះ ។
សារព័ត៌មាន Dailystar បានចេញផ្សាយថ្ងៃនេះថា តុលាការ នឹងវិច្ឆ័យទោសរបស់កីឡាករអង់គ្លេស វ័យ២៨ឆ្នាំនៅ ៥ថ្ងៃខាងមុខ ដោយកំពុងស្ថិត ក្នុងការស៊ើបអង្កេតចំនួន២ករណីធំៗ គឺបទរំលោភក្មេងស្រីអាយុ១៥ឆ្នាំក្នុងរថយន្ត Range Rover ពណ៌ខ្មៅរបស់លោក និងក្មេងប្រុសមិនទាន់គ្រប់ អាយុផងដែរ ដែលត្រូវបាន Sunderland បញ្ចប់កិច្ចសន្យា និងបណ្តេញចេញពីក្លឹបភ្លាមៗ ខណៈដែលក្រុមហ៊ុន Adidas ក៏បញ្ចប់កិច្ចសន្យាឧបត្ថម្ភ អាវកីឡាកររូបនេះដូចគ្នា ។
ដូចគ្នានោះដែរ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ក៏សម្រេចលុបឈ្មោះ Adam Johnson ចេញពីបញ្ជីជម្រើសជាតិ ព្រមទាំងរូបភាពរាប់រយសន្លឹក ដែលមានតាំងនៅកីឡដ្ឋានជាតិ Wembley ថែមទៀ់តផង បើទោះបីរូបលោកធ្លាប់លេង ក្នុងក្រុមជម្រើសជាតិបាន១២ប្រកួត និងស៊ុតបញ្ចូលទីបាន ២គ្រាប់ក៏ដោយ កាលពីជម្រុះ Euro 2012 ។
Adam Johnson បានធ្វើការច្រានចោលទាំងអស់ ចំពោះការចោទប្រកាន់ខាងលើនៅពេលឡើងតុលាការកាលពីល្ងាចថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៦៕
Adam Johnson (រូបអង្គុយទី១ រាប់ពីស្តាំ)
Adam Johnson និងមិត្តស្រីកាលពីថ្ងៃឡើងតុលាការថ្ងៃទី១២ កុម្ភះ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី