(ភ្នំពេញ)៖ តាមគម្រោង កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានសារភាពថាមានទំនាក់ទំនងស្នេហា ជាមួយលោក កឹម សុខា នឹងត្រូវចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ វេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ស្អែកនេះ តាមការកោះហៅរបស់តំណាងអយ្យការ ពាក់ព័ន្ធនឹងបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ប៉ុន្តែទោះជាយ៉ាងណាគេមិនទាន់ដឹងថា នាងនឹងចូលបំភ្លឺតាមការកំណត់ ឬយ៉ាងណានោះទេ។
កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ បានដាក់ពាក្យប្តឹង ពីបទបរិហារកេរ្តិ៍លើម្ចាស់ខ្សែអាត់សំឡេងមួយ ដែលគេសង្ស័យជាការសន្ទនារវាងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងនារីឈ្មោះ ខុម ចាន់តារ៉ាទី។
ទោះជាយ៉ាងណាបើតាមការបង្ហើបពីមន្រ្តីតុលាការ ចំពោះរឿងនេះ គេនៅមិនទាន់ដឹងថា កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាជនសង្ស័យ ឬជាសាក្សី នៅក្នុងសំណុំរឿងនេះនៅឡើយទេ ដោយសារតែនៅក្នុងសំឡេងខ្សែអាត់ ដែលនាងទើបទទួលស្គាល់ឡើងវិញនោះ នាងគ្រាន់តែសួរបែបប្រច័ណ្ឌ ទៅកាន់តួរអង្គបុរស តែប៉ុណ្ណោះ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី