CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងត្បូង និងជប៉ុន សុខចិត្តទុកគំនុំចាស់មួយឡែក រួចសហការគ្នារកវិធីទប់ទល់កូរ៉េខាងជើង ដោយមិនឲ្យ

(សេអ៊ូល)៖ កូរ៉េខាងត្បូង និងជប៉ុននៅថ្ងៃពុធនេះបានយល់ព្រមចុះហត្ថលេខាហើយ នៅក្នុងទីក្រុងសេអ៊ូល លើកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់យោធា ឬហៅកាត់ថា GSOMIA ក្នុងគោលបំណងទប់ស្កាត់​ការវាយប្រហារជាយថាហេតុណាមួយពីសំណាក់កូរ៉េខាងជើង បើទោះជាមានការជំទាស់ពីគណបក្ស​ប្រឆាំង និងការប្រឈមមុខភាពជូរចត់នៃប្រវត្តិសាស្ត្ររវាងប្រទេសទំាងពីរក៏ដោយ។ នេះបើតាមការ​ចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

កិច្ចព្រមព្រៀង GSOMIA​ ត្រូវបានធ្វើឡើងក្នុងរយៈពេលជិតមួយខែ បន្ទាប់ពីទីក្រុងសេអ៊ូល និងទីក្រុងប​តូក្យូ ផ្ដើមបើកកិច្ចចរចាឡើងវិញនៅថ្ងៃទី២៧ ខែតុលា ក្រោយផ្អាកអស់រយៈពេល ៤ឆ្នាំ និងមានការ​អនុម័តពីប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ កាលពីថ្ងៃអង្គារម្សិលមិញ។ ដោយឡែក អនុឡោមតាមកិច្ចព្រមព្រៀងនេះដដែលភាគីទំាងពីរ នឹងចែករំលែកព័ត៌មានសម្ងាត់យោធាពាក់ព័ន្ធនឹង​កូរ៉េខាងជើងដោយផ្ទាល់ឱ្យគ្នាទៅវិញទៅមក ប៉ុន្តែមិនត្រូវឱ្យភាគីទីបីដឹងនោះឡើយសូម្បីតែ​សហរដ្ឋអាមេរិក។​

«បើសិនជាយើងអាចទទួលបានព័ត៌មានយោធាស្ដីពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉ខាងជើង​ពីសហរដ្ឋអាមេរិក និងជប៉ុនក្នុងពេលតែមួយ នោះវានឹងអាចធ្វើឱ្យកាន់តែប្រសើរឡើងសមត្ថភាពយោធា​របស់យើងប្រឈមមុខនឹងការគំរាមកំហែងពីទីក្រុងព្យុងយ៉ាង»។ នេះបើតាមអ្វីដែលបានលើកឡើង​ក្នុងសេចក្តីថ្លែងការនៃក្រសួងការពារជាតិកូរ៉េខាងត្បូង។

គួរបញ្ជាក់ថាកូរ៉េខាងជើងបានជំទាស់យ៉ាងខ្លំាងទៅនឹងកិច្ចព្រមព្រៀង GSOMIA ដោយចាត់ទុកថាជា​អំពើក្បត់ដ៏អាក្រក់ និងជាកិច្ចព្រមព្រៀងឆ្កួតលីលា ដែលត្រូវបានធ្វើឡើង គ្រាន់តែចង់បង្វែរការយក​ចិត្តទុកដាក់របស់ប្រជាជនកូរ៉េខាងត្បូង ឱ្យងាកចេញពីរឿងអាស្រូវលោកស្រី ផាក គឺនហេ តែប៉ុណ្ណោះ។ លើសពីនេះទៅទៀតកូរ៉េខាងជើងក៏បានបរិហាផងដែរថា កូរ៉េខាងត្បូងសុខចិត្តសហការជាមួយនឹង​អតីតសត្រូវចាស់(ជប៉ុន) ដើម្បីខ្ទប់ដង្ហើមជនរួមជាតិនៅកូរ៉េខាងជើង៕





ផ្តល់សិទ្ធដោយ​ ៖ ហ្វ្រេសញូវអាស៊ី


Tags: South korea Busan Seoul Asia President Park Geun hye