(ភ្នំពេញ) ៖ «រាល់បញ្ហា និងទុក្ខលំបាករបស់សិល្បករ-សិល្បការិនី គឺជាបញ្ហា និងទុក្ខលំបាករបស់ខ្ញុំដែរ! ក្នុងនាមខ្ញុំបាទជាប្រធានសមាគមសិល្បករខ្មែរ នឹងមិនព្រងើយកន្តើយឡើយ នៅពេលបានដឹងខ្ញុំ នឹងខំប្រឹងជួយឲ្យអស់ពីលទ្ធភាពរបស់ខ្ញុំ និងសមាគម »។ នេះជាការថ្លែងរបស់ប្រធានសមាគម សិល្បករខ្មែរលោក សុះ ម៉ាច កាលពីពេលថ្មីៗនេះ។
ដោយមើលឃើញពីភាពអសកម្ម និងខ្វះការរួបរួមសាមគ្គីគ្នា ពីសំណាក់សិល្បករប្រុស-ស្រីរបស់ខ្មែរមួយចំនួននោះ លោក សុះ ម៉ាច បានលើកឡើងនៅលើហ្វេសប៊ុកថា «យើងសោកស្តាយណាស់ ដោយសារមិត្តសិល្បករ សិល្បការិនី យើងមួយចំនួនខ្វះ ការសាមគ្គីរួបរួមគ្នាជាធ្លុងមួយ ជ្រកក្រោមដំបូលសមាគមសិល្បៈតែមួយជាមួយគ្នា និង សមាជិកមួយចំនួន មិនបានមកបង់ថវិកាទ្រទ្រង់សមាគម ក្នុងមួយឆ្នាំ១២ដុល្លារឲ្យទៀងទាត់ឡើយ តែដល់ពេលមានបញ្ហាពួកគាត់ តែងតែស្រែករកសមាគមឲ្យជួយ នេះជាការពិត! »។
លោក សុះ ម៉ាច បញ្ជាក់ថា «ថវិការបស់អាណត្តិមុនៗ ដែលនៅសល់ក៏មិនទាន់បានទទួលទៀត អាណត្តិទីបី ដំណើរការយ៉ាងលំបាក ដោយសារតែខ្វះការស្រុះស្រួលគ្នា ធ្វើការ របស់ក្រុមប្រឹក្សាទាំង១១រូប ដោយសារពួកគាត់ខ្លះរវល់ និងមិនយល់ចិត្តខ្វែងគំនិតគ្នា ដោយសារបញ្ហាអាណត្តិទីពីរ មិនទាន់ដោះស្រាយឲ្យចប់ តែទោះយ៉ាងណាក៏ ខ្ញុំមិនភ្លេចអរគុណ ចំពោះសប្បរសជន ជាពិសេសឯកឧត្តមឧកញ៉ាបណ្ឌិតជា រតនា និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវមន្ត្រីរាជការ និងមិត្តសិល្បករសិល្បការិនី ជាច្រើនជួយជ្រោមជ្រែង លើកទឹកចិត្តដល់ ខ្ញុំបន្តដឹកនាំរហូត ចប់អណត្តិ និងបន្តដឹកនាំដល់អាណត្តិទីបួន»។
អតីតតារាសម្តែង និងចម្រៀងលោក សុះ ម៉ាច បានឲ្យដឹងទៀតថា «ក្នុងអាណត្តិនេះមានការធូរស្រាលចិត្តច្រើន ព្រោះមានក្រុមប្រឹក្សាទាំងចាស់ថ្មីជួយដល់ខ្ញុំ ក្នុងការដឹកនាំជាលទ្ធផលយើង បានជោគជ័យជាច្រើន ដោយសារការតស៊ូឈ្មុសឈ្មុល និងបានទទួលការយោគយល់ ពីរាជរដ្ឋាភិបាល ដែលយើងបានទាមទារ សូមឲ្យមានការចាក់បញ្ចាំង ភាពយន្តខ្មែរនៅម៉ោងមាសគ្រប់បណ្តារស្ថានីយទូរទស្សន៍ ដើមឆ្នាំ២០១៦ផងដែរ។ ខ្ញុំនៅតែសង្ឃឹមយ៉ាងមុតមាំថា មិត្តសិល្បៈទាំងអស់គ្នានឹងយល់នូវពាក្យអ្វី ទៅដែលហៅថា សាមគ្គី? ហើយពួកគេ នឹងងាកមករួបរួមគ្នា ដើម្បីជួយទ្រទ្រង់សិល្បៈយើងទាំងអស់គ្នាឲ្យយរុងរឿងឡើងវិញ»៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី