សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចោទប្រកាន់ប្រទេសនេះថា មានចរិតលក្ខណៈគម្រាមកំហែង និងបង្កអស្ថិរភាព។
បណ្ដុំទណ្ឌកម្មដំបូង មានគោលដៅទៅលើប្រតិបត្ដិការហិរញ្ញវត្ថុជាប្រាក់ដុល្លារ ផ្នែកឧស្សាហកម្មផលិតរថយន្ដ ការទិញយន្ដហោះពាណិជ្ជកម្ម អាជីវកម្មដែក រួមទាំងមាសផងដែរ។ ទណ្ឌកម្ម ដែលមានគោលដៅទៅលើផ្នែកឧស្សាហកម្មប្រេង និងធនាគារកណ្ដាលរបស់អ៊ីរ៉ង់ នឹងត្រូវដាក់ចេញអនុវត្ដ នៅដើមខែវិច្ឆិកា។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានច្រានចោលការអំពាវអំនាវសុំឱ្យមានកិច្ចចរចាជាមួយអាមេរិក នៅមុនពេលចលនានយោបាយបែបនេះកើតឡើង ដោយលើកឡើងថា អាមេរិក មិនអាចទុកចិត្ដបាននោះទេ ហើយម្យ៉ាងទៀតសោត ប្រទេសនេះ ចង់បង្កើតភាពចលាចល នៅក្នុងប្រទេសអ៊ីរ៉ង់។
ការដាក់ទណ្ឌកម្មទាំងឡាយ ដែលលោកត្រាំនិយាយថា មានចេតនាដាក់សម្ពាធផ្នែកសេដ្ឋកិច្ចទ្រង់ទ្រាយធំនោះ បានចូលជាធរមានរយៈពេល ៣ ខែ ក្រោយពីអាមេរិកបានប្រកាសថា ខ្លួននឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។
យោងតាមលក្ខន្ដិកៈចែង នៅក្នុងកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលគេមើលឃើញថា ជាសមិទ្ធផលនៃគោលនយោបាយការបរទេសដ៏សំខាន់ ក្នុងរដ្ឋការគ្រប់គ្រងរបស់លោក Obama នោះ ការដាក់ទណ្ឌកម្ម ត្រូវបានដកចេញពីប្រទេសអ៊ីរ៉ង់ជាថ្នូរនឹងការបង្កកកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ។
លោកត្រាំ បានបញ្ជាក់ពីគោលជំហររបស់លោកជាថ្មីម្ដងទៀតកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងនោះ ជាកិច្ចព្រមព្រៀងតែម្ខាងដ៏គួរឱ្យស្អប់ ដោយលោកអះអាងបន្ថែមថា កិច្ចព្រមព្រៀងនេះ បើកឱកាសឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ប្រមូលប្រាក់ ដើម្បីប្រើក្នុងការបញ្ឆេះជម្លោះ នៅមជ្ឈឹមបូព៌ា។
ក្រុងវ៉ាស៊ីនតោន បានបើកទ្វារទទួលនូវកិច្ចព្រមព្រៀងថ្មី ប៉ុន្ដែបាននិយាយថា ផ្លូវដើរតែមួយគត់សម្រាប់អ៊ីរ៉ង់ក្នុងការបញ្ចៀសពីការដាក់ទណ្ឌកម្មនោះ គឺប្រទេសនេះគួរតែយល់ព្រមទទួលយកការចរចាជាមួយអាមេរិកអំពីកម្មវិធីអាវុធធន់ធំមីស៊ីល និងនុយក្លេអ៊ែរ។
ប្រធានាធិបតីអាមេរិក បាននិយាយថា អាមេរិកជំរុញឱ្យប្រទេសទាំងអស់ ជ្រាបឱ្យច្បាស់ថា របបគ្រប់គ្រងរបស់អ៊ីរ៉ង់ប្រឈមនឹងជម្រើសមួយគឺ ប្រទេសនេះត្រូវប្ដូរអាកប្បកិរិយាគំរាមកំហែងបង្កអស្ថិរភាព និងរួមសមាហរណកម្មឡើងវិញជាមួយនឹងសេដ្ឋកិច្ចសកល បើពុំដូច្នោះទេ ប្រទេសនេះនឹងបន្ដដើរលើផ្លូវផ្ដាច់ខ្លួនចេញពីសេដ្ឋកិច្ច។
លោក Rouhani បាននិយាយនៅក្នុងសុន្ទរកថាមួយ ដែលផ្សាយបន្ដផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ជាតិកាលពីថ្ងៃចន្ទថា៖”ជានិច្ចកាល យើងពេញចិត្ដនឹងមធ្យោបាយការទូត និងការចរចាខ្លាំងណាស់ ប៉ុន្ដែយើងសុំតែម្យ៉ាង កិច្ចចរចានោះត្រូវតែមានភាពស្មោះត្រង់”។
លោកបន្ថែមថា៖” អាមេរិក បានដាក់ទណ្ឌកម្មឡើងវិញមកលើអ៊ីរ៉ង់ និងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយបន្ទាប់មកបែរជាចង់ឱ្យមានកិច្ចចរចាទៅវិញ។ ការអំពាវនាវរបស់លោកត្រាំឱ្យមានកិច្ចចរចាទ្វេភាគីនេះ គឺគ្រាន់តែដើម្បីលើកទឹកចិត្ដពលរដ្ឋអាមេរិកឱ្យប្រើប្រាស់ផលិតផលប្រទេសខ្លួន នៅមុនការបោះឆ្នោតប៉ុណ្ណោះ និងដើម្បីបង្កើតភាពចលាចល នៅក្នុងប្រទេសអ៊ីរ៉ង់”។
ជំហានដំបូងនៃការដាក់ទណ្ឌកម្មរបស់អាមេរិក បានចូលជាធរមាន នៅរយៈពេល ១ នាទីរំលងអាធ្រាត្រនាថ្ងៃអង្គារ ដោយមានគោលដៅលើការប្រើប្រាស់រូបិយប័ណ្ណអាមេរិករបស់អ៊ីរ៉ង់ និងឧស្សាហកម្មសំខាន់ៗ រួមទាំងឧស្សាហកម្មរថយន្ដ និងឧស្សាហកម្មកម្រាលព្រុំផងទៅទៀត។
អំពើអរិភាពរបស់អាមេរិកថ្មីនេះ ធ្វើឱ្យរូបិយវត្ថុរបស់អ៊ីរ៉ង់ប្រែប្រួលយ៉ាងគំហ៊ុក ដែលធ្វើឱ្យបាត់បង់តម្លៃរូបិយវត្ថុរបស់ខ្លួនប្រហែលពាក់កណ្ដាល ក្រោយសេចក្ដីប្រកាសដាក់ទណ្ឌកម្មរបស់លោកត្រាំ។
ការដាក់ទណ្ឌកម្មនេះ ក៏បន្ថែមភាពតានតឹងផ្ទៃក្នុងអ៊ីរ៉ង់ផងដែរ ដែលគេមើលឃើញ មានកើតឡើងនូវការប្រឆាំងតវ៉ា និងកូដកម្មនៅក្នុងទីក្រុងជាច្រើនអំពីការកង្វះទឹកប្រើប្រាស់ តម្លៃថ្លៃ និងបញ្ឆេះការខឹងសម្បារកាន់តែខ្លាំងចំពោះប្រព័ន្ធនយោបាយរបស់ប្រទេស។
លោកត្រាំ ដែលបែកបាក់សម្ព័ន្ធមិត្ដជាមួយសហភាពអឺរ៉ុប ដោយសារតែការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បានព្រមានថា ប្រសិនបើប្រទេសទាំងឡាយ មិនបន្ថយទំនាក់ទំនងជាមួយសេដ្ឋកិច្ចអ៊ីរ៉ង់ទេនោះ ប្រទេសទាំងនោះនឹងប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ ដោយសារការដាក់ទណ្ឌកម្មឡើងវិញនេះ។
បណ្ដារដ្ឋមន្រ្ដីការបរទេសអឺរ៉ុប បាននិយាយថា ពួកគេមានការសោកស្ដាយក្រៃពេកចំពោះចលនានយោបាយរបស់អាមេរិក។
ប្រធានគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុបលោក Federica Mogherini និងរដ្ឋមន្រ្ដីការបរទេសបារាំង អាឡឺម៉ង់ និងចក្រភពអង់គ្លេស បានទទូចកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ ២០១៥ កំពុងប្រតិបត្ដិមុខងារ និងតម្រង់គោលដៅរបស់ខ្លួនក្នុងការកម្រិតសមត្ថភាពកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
អ្នកឆ្លើយឆ្លងព័ត៌មានអាមេរិកនៃសារព័ត៌មាន Sky News លោក Hannah Thomas-Peter បាននិយាយថា៖”ការដកខ្លួនចេញពីកិច្ចព្រមព្រៀងអ៊ីរ៉ង់ និងការអនុវត្ដឡើងវិញនូវការដាក់ទណ្ឌកម្មចុងក្រោយនេះ គឺជាការប្ដេជ្ញាចិត្ដក្នុងការធ្វើយុទ្ធការបោះឆ្នោតរបស់លោកត្រាំដ៏មានប្រជាប្រិយភាពបំផុត។
អ្នករិះគន់ អាចនឹងចោទប្រកាន់ប្រធានាធិបតីរូបនេះថា ធ្វើឱ្យទន់ខ្សោយគោលជំហររបស់អាមេរិក នៅលើឆាកអន្ដរជាតិ បង្កអស្ថិរភាពថ្នាក់ដំបន់ និងបើកឱកាសដល់ប្រទេសចិន។
កាលពីខែមុន លោកត្រាំ បាននិយាយថា លោករីករាយនឹងជួបជាមួយលោក Rouhani ដោយពុំបាច់កំណត់លក្ខខណ្ឌមុននោះទេ ដើម្បីពិភាក្សាពីវិធីបង្កើនទំនាក់ទំនង។ មន្រ្ដីជាន់ខ្ពស់ និងមេបញ្ជាការយោធាអ៊ីរ៉ង់ បានច្រានចោលកិច្ចចរចានោះដោយចាត់ទុកថា គ្មានតម្លៃ និងគ្រាន់តែជាក្ដីសុបិន ហើយនិយាយថា សម្ដីរបស់លោក ផ្ទុយស្រឡះពីទង្វើដាក់ទណ្ឌកម្មឡើងវិញរបស់លោក។
កាលពីថ្ងៃអាទិត្យទី ២២ ខែកក្កដាកន្លងទៅនេះ លោក Rouhani បានទទូចឱ្យលោកត្រាំ ត្រូវរក្សាសន្ដិភាពជាមួយអ៊ីរ៉ង់។ ទីភ្នាក់ងារព័ត៌មាន ISNA របស់អ៊ីរ៉ង់ បានរាយការណ៍ដោយដកស្រង់សម្ដីលោក Rouhani មកនិយាយថា៖ “ពលរដ្ឋអាមេរិក ត្រូវតែយល់ឱ្យច្បាស់ថា សន្ដិភាពភាពជាមួយអ៊ីរ៉ង់ គឺជាមាតានៃសន្ដិភាពទាំងពួង ហើយសង្រ្គាមជាមួយនឹងអ៊ីរ៉ង់ ក៏ជាមាតានៃសង្រ្គាមទាំងពួងដែរ”។
លោកត្រាំ បានឆ្លើយតបដោយប្រើបណ្ដាញ Twitter ព្រមានអ៊ីរ៉ង់ពីផលវិបាកខ្លាំងក្លា ស្រដៀងនឹងផលវិបាកមួយចំនួន ក្នុងប្រវត្ដិសាស្រ្ដ ដែលប្រទេសនេះធ្លាប់ទទួលរង បើប្រទេសនេះគំរាមអាមេរិកម្ដងទៀត ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ news.sky