CamNews

ព័ត៌មានជាតិ 

សំណុំរឿងលោក សុខ ប៊ុន ប្រើហិង្សាលើតារាស៊ិចស៊ី សាសា លើកមកជំនុំជម្រះនៅព្រឹកនេះ

(ភ្នំពេញ)៖ សំណុំរឿងលោក សុខ ប៊ុន ធ្លាប់មានងារជាឧកញ៉ា ប្រើហិង្សាវាយតប់លើតារាសាច់សខ្ចីស៊ិចស៊ី កញ្ញា ឯក សុជាតា ហៅសាសា ដែល ជាសំណុំរឿងដ៏រញ្ជួយកាលពីឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ នឹងលើកយកមកជំនុំជម្រះនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ។

លោក ពុធ ធាវី មេធាវីការពារក្តីឲ្យកញ្ញា សាសា បានប្រាប់ Fresh News នៅថ្ងៃទី២៥ ខែមករា ថា កូនក្តីរបស់លោក គឺកញ្ញា សាសា នឹងអញ្ជើញចូលរួមនៅក្នុងសវនាការ។ លោក ពុធ ធាវី មិនទាន់អាចបញ្ជាក់ពីការទាមទារសំណង ឬយ៉ាងណានោះទេ គ្រាន់តែបង្ហើបថា មានការប្រែប្រួល។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ដោយសារតែភាពជោកជាំនៃគ្រឿងស្រវឹងលោក សុខ ប៊ុន និងកញ្ញា សាសា បានផ្ទុះជម្លោះពាក្យសម្តី រហូតឈានដល់ការប្រើហិង្សាវាយទាត់ធាក់យ៉ាងធ្ងន់ធ្ងរ។

បន្ទាប់ពីការព្យាយាមរត់គេចខ្លួនអស់ជាច្រើនថ្ងៃ លោក ស៊ុន ប៊ុន ក៏បានចូលខ្លួនទទួលទោសតាមការអំពាវនាវរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ លោក សុខ ប៊ុន ត្រូវបានតុលាការចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ដោយចោទពីបទ «ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់‍»។
ជម្លោះរហូតកើតហិង្សានេះ កញ្ញា សាសា មិនបានទាមទារសំណងអ្វីទាំងអស់ ដោយសុំត្រឹមឲ្យតុលាការផ្តន្ទាទោសឧកញ៉ា សុខ ប៊ុន ទៅតាមច្បាប់។

សំណុំរឿងហិង្សាមួយនេះ បានធ្វើកេរ្តិ៍ឈ្មោះ របស់លោក សុខ ប៊ុន ត្រូវបានអសោច បាត់បង់ងារជាឧកញ៉ា និងតួនាទីនៅក្នុងមុខជំនួញ របស់លោកជាច្រើនផ្សេងទៀត។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន កញ្ញា សាសា កំពុងបើកហាងដ៏ធំមួយនៅក្នុងទីក្រុងសៀមរាបអង្គរ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News PP