CamNews

ព័ត៌មានអន្តរជាតិ 

គណបក្ស LDP ជប៉ុន «ជំរុញឲ្យលោក ស៊ីនហ្សូ អាបេ គិតគូររឿងដាក់ពង្រាយ THAAD» ដូចនៅកូរ៉េខាងត្បូង!

(តូក្យូ)៖​ គណបក្សកាន់អំណាចជប៉ុនបានជំរុញឱ្យ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ ពិចារណាឱ្យបានឆាប់រហ័ស​ពាក់ព័ន្ធនឹងការដាក់ពង្រាយ ខែលការពារមីស៊ីលអាមេរិក (THAAD) នៅលើទឹកដីជប៉ុន ដើម្បីទប់ស្កាត់ការវាយប្រហារជាយថាហេតុណាមួយ ពីសំណាក់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។



ជប៉ុនបាន​បង្ហាញក្ដីព្រួយបារម្ភ​របស់ខ្លួន​ជាយូរណាស់មកហើយ ពីលទ្ធភាព​ដែលអាចនឹងក្លាយ​ជាផ្ទំាងស៊ីប វាយប្រហារ​របស់​កូរ៉េខាងជើងនៅថ្ងៃណាមួយ ហើយការ​បារម្ភបែបនេះ​កើនឡើងជា​លំដាប់ នៅក្រោយ​ពេលទីក្រុងព្យុងយ៉ាង​ធ្វើតេស្ដបំផ្ទុះក្បាល​គ្រាប់នុយក្លេអ៊ែរ កាលពីឆ្នាំ២០១៦ ក៏ដូចជា ការបាញ់សាកល្បង​មីស៊ីលផ្លោង​ជាច្រើនគ្រាប់​ ធ្លាក់ចូលក្នុង​សមុទ្រជប៉ុន​នាពេលថ្មីៗ​នេះ។

ដោយឡែក​ជុំវិញ​បញ្ហានេះដែរ​ថ្លែងប្រាក់ទីភ្នាក់ងារ​សារ​ព័ត៌មានបារាំង ក្រុមមន្ត្រីសន្តិសុខ​នៃគណបក្សសេរី​និយមប្រជាធិបតេយ្យ LDP (Liberal Democratic Party ) បានគូសបញ្ជាក់​ដូច្នេះថា «ការកើនឡើង ការគំរាមកំហែង និងសកម្មភាព​បង្ករឿងរបស់​កូរ៉េខាងជើង បានឈានដល់​កម្រិតមួយ ដែលប្រទេស​របស់យើង​មិនអាចមើល​រំលងបាន។ ដូច្នេះរដ្ឋា ភិបាល​គួរតែស្វែងរក​ជម្រើសក្នុង​ការអនុញ្ញាត ​ឱ្យធ្វើការវាយប្រហារ​ទៅលើមូលដ្ឋាន​សត្រូវ រួមទាំងការ​ដាក់ពង្រាយ​ប្រព័ន្ធការពារមីស៊ីល​អាមេរិក​ដូចជា THAAD ជាដើម។ មួយវិញ​ទៀត យើងក៏មិន​គួរបោះបង់ចោល​ឱកាសដ៏​ល្អនេះ ដើម្បីពង្រឹង​សមត្ថភាពប្រព័ន្ធ​ការពារមីស៊ីល​ផ្លោងរបស់យើង​នោះដែរ»។

គួរបញ្ជាក់ថា​សម្រាប់រុស្ស៊ីជាពិសេស​គឺចិន ការដាក់ពង្រាយ THAAD នៅកូរ៉េខាងត្បូង គឺជាការ​គំរាមកំហែងមួយ​យ៉ាងធ្ងន់ធ្ងរដល់​សន្តិសុខជាតិ និង​ស្ថេរភាពនៅ​ក្នុងតំបន់ ហើយថាការ​គំរាមកំហែង​របស់កូរ៉េខាងជើង គ្រាន់តែជាលេស​ដែលទីក្រុងវ៉ាស៊ីនតោន ប្រើប្រាស់ដើម្បី​កេងចំណេញ​យុទ្ធសាស្ត្រយោធា និងភូមិសាស្ត្រលើចិនតែប៉ុណ្ណោះ៕



ប្រភព ៖ អ័រតេ


Tags: North korea South korea Kim Jong Un Kim jong nam