នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា បានថ្លែងកាលពីពេលថ្មីៗនេះថា លោកមានភាពសប្បាយរីករាយខ្លាំង ណាស់ដែលរដ្ឋាភិបាលចិន ចេញមុខជួយដោះស្រាយភាពរាំងស្ងួតនាពេលនេះ ហើយខ្សែទឹកដែលបានបង្ហូរ មកនោះ វាបានមកដល់ភាគខាងជើងប្រទេសថៃហើយ។ បច្ចុប្បន្នប្រទេសថៃ ស្រុកចំនួន៤៦ នៃខេត្តចំនួន១២ កំពុងទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារខ្វះទឹកប្រើប្រាស់ ព្រោះតែអាកាសធាតុក្តៅហួតហែង ប៉ុន្មានឆ្នាំជាប់ៗគ្នា។
ដោយឡែកសម្រាប់ប្រទេសវៀតណាមវិញ អ្នកជំនាញមួយរូបមកពីក្រសួងធនធានទឹក និងកសិកម្មបាន សម្តែងនូវក្តីរំភើបព្រមទាំងកោតសរសើរ ចំពោះកាយវិការរបស់រដ្ឋាភិបាលចិន ដែលបានជួយដល់បណ្តា ប្រទេសអាស៊ីអាគ្នេយ៍ ឲ្យធូរស្រាលពីភាពរាំងស្ងួត។ ប្រទេសវៀតណាម ក៏បាននិងកំពុងទទួលរងគ្រោះធ្ងន់ធ្ងរផងដែរ ជាពិសេសតំបន់ដីសណ្តរទន្លេមេគង្គក្រោម ដែលទឹកទន្លេបន្តស្រកចុះលើសកម្រិតប្រកាសអាសន្ន ដែលជាហេតុនាំឲ្យទឹក សមុទ្រហូរចូល និងបំផ្លាញផលដំណាំជាច្រើនពាន់ហិកតា កន្លងមកហើយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី