បើទោះជាពូជរុក្ខជាតិនេះ ធ្លាប់ត្រូវបានគេដាំពិសោធកាលពីមុន ប៉ុន្ដែលើកនេះ Tomtato ដែលជារុក្ខជាតិត្រូវបានគេបង្កាត់រវាង ប៉េងប៉ោះ និងដំបូងបារាំង ត្រូវបានគេបង្ហាញខ្លួនជាផ្លូវការ ។
ថ្មីៗនេះ រុក្ខជាតិពីរប្រភេទ គឺ ប៉េងប៉ោះ (Tomato) និង ដំឡូងបារាំង (Potato) ត្រូវបានអ្នកឯកទេសផ្នែកកសិកម្ម ធ្វើការបង្កាត់ពូជជាមួយគ្នា បង្កើតបានជារុក្ខជាតិថ្មីមួយប្រភេទ ត្រូវបានគេដាក់ឈ្មោះថា Tomtato ហើយវាត្រូវបានឧទ្ទេសនាមនៅអង់គ្លេស។
Tomtato អាចចេញផ្លែប៉េងប៉ោះច្រើនជាង ៥០០ផ្លែ ខណៈដែលវាក៏មានមើមជាដំឡូងបារាំងផងដែរ។ រុក្ខជាតិបង្កាត់ពូជនេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតសម្ភារៈកសិកកម្ម Thompson & Morgan ដែលបច្ចុប្បន្ន កំពុងត្រូវបានដាក់លក់ក្នុងតម្លៃ ១៤,៩៩ផោន/ដើម (ជាង ១៩ដុល្លារអាមេរិក) ។ ក្រុមហ៊ុននេះ បានឱ្យដឹងថា ប្រភេទរុក្ខជាតិនេះត្រូវបានផ្សាំដោយដៃម្ដងមួយដើមៗ ហើយវាមិនមែនជាបច្ចេកទេសហ្សែននោះទេ។
កាលពីរយៈពេលកន្លងមក Tomtato ត្រូវបានគេដាំសាកល្បងរួចមកហើយ ប៉ុន្ដែ នេះគឺជាលើកដំបូងដែលក្រុមហ៊ុន Thompson & Morgan ផលិតដោយជោគជ័យនូវពូជរុក្ខជាតិពិសេសនេះ។
លោក Paul Hansord អគ្គនាយកនៃក្រុមហ៊ុន Thompson & Morgan បានឱ្យដឹងថា គំនិតបង្កាត់ពូជពិសេសនេះ ត្រូវបានកើតឡើងកាលពី ១៥ឆ្នាំមុន ខណៈលោកទៅទស្សនាសួនដំណាំមួយ ដែលកន្លែងនោះ គេដាំដើមប៉េងប៉ោះពីខាងលើរងដំឡូងបារាំង ដើម្បីធ្វើឱ្យមានភាពប្លែកភ្នែក។
ដើម្បីទទួលបានជោគជ័យដូចបច្ចុប្បន្ន ក្រុមហ៊ុនបានឆ្លងកាត់នូវការពិសោធ សាកល្បងជាច្រើនដែលប្រកបដោយបរាជ័យ។ ដើមប៉េងប៉ោះ និងដំឡូងបារាំង ត្រូវមានកម្រាស់ប្រហាក់ប្រហែលគ្នា ដើម្បីសមស្របសម្រាប់ការផ្សាំជាមួយគ្នា។ លោក Hansord បន្ដថា នេះគឺជាបច្ចេកទេសមួយដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់។
ក្រៅពីសមត្ថភាពចេញផ្លែ និងមើមក្នុងពេលតែមួយ ដើម Tomtato ក៏មានភាពងាយស្រួលក្នុងការដាំ។ វាអាចរីកចម្រើននៅក្នុងផ្ទះ ឬខាងក្រៅផ្ទះ ដោយគ្រាន់តែដាំនៅក្នុងផើង ឬថង់ធំៗជាការស្រេច។
ដោយ ៖ តារា
ប្រភព ៖ Dailymail/BBC