(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជាចំនួន ២៤នាក់រួចមក លោក Lee Tae Hoon ដែលជាគ្រូបង្វឹក នឹងចាប់ផ្ដើមប្រមូលផ្ដុំកូនក្រុមហ្វឹកហាត់នាល្ងាចថ្ងៃទី២១ ខែកក្កដានេះ នៅលើទីលានបាល់ទាត់ KB Sport ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិសិង្ហបុរី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ ។
ចំពោះសមាសភាពកីឡាករ ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ល្ងាចនេះ គឺមកក្លិបចំនួន ៦ ក្នុងនោះកីឡាករមកពីក្លឹបព្រះខ័នរាជស្វាយរៀង និងក្លឹបបឹងកេតអង្គរ គឺច្រើនជាងគេ ដោយក្នុងមួយក្លឹបមានកីឡាករ ៧នាក់ជាប់ជម្រើសជាតិ ។ រីឯសមាជិក ១០នាក់ មានមកពីក្លឹបក្រសួងការពារជាតិ ៤នាក់, ក្លឹបភ្នំពេញក្រោន ៣នាក់, ក្លឹបប៉ូលិស ២នាក់ និងក្លឹបណាហ្គាវើលម្នាក់ ។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជា គឺមានពេលវេលាប្រមូលផ្ដុំហ្វឹកហាត់ ១សប្ដាហ៍ពេញ ដើម្បីត្រៀមជួបក្រុមជម្រើសជាតិសិង្ហបុរី ។ ប៉ុន្ដែមុនការប្រកួតមិត្តភាពអន្ដរជាតិផ្លូវការនេះមកដល់ ក្រុមជម្រើសជាតិកម្ពុជា ក៏មានការប្រកួតកម្ដៅសាច់ដុំមួយប្រកួតផងដែរ ដោយត្រូវជួបក្លិបភ្នំពេញក្រោន នៅថ្ងៃទី២៤ ខែកក្កដាចុងសប្ដាហ៍នេះ នៅលើទីលានកីឡដ្ឋាន RSN ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង