អាម៉េរិក៖ ការប្រកួតបវរកញ្ញាចក្រវាឡឆ្នាំ ២០១៤ លើកទី ៦៣ ធ្វើឡើងនៅក្នុងរដ្ឋ ហ្ល័ររីដា សហរដ្ឋអាមេរិក បានឈានដល់ ទីបញ្ចប់ហើយ នៅក្នុង ថ្ងៃទី២៦ ខែមករា នេះ ដោយ បវរកញ្ញា កូឡុំប៊ី នាង Paulina Vega បានក្លាយជាម្ចាស់មកុដគ្រងតំណែងបវរកញ្ញាឯកចក្រវាឡ (Miss Universe 2014) ក្នុងចំណោមបវរកញ្ញាមកពី ៨០ប្រទេស។
និស្សិតសិក្សាផ្នែកពាណិជ្ជកម្ម វ័យ ២២ឆ្នាំ មកពីកូឡុំប៊ី នាង Paulina Vega បាននិយាយថានេះ គឺជាលើកដំបូង ដែលនាងបានចូលរួម ប្រកួតក្នុង កម្មវិធី Miss Universe ហើយនាងមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ដែលបានឈ្នះការប្រកួតមួយនេះ។
មិនត្រឹមតែជាម្ចាស់គ្រងតំណែងមកុដបវរកញ្ញាឯកចក្រវាឡ ប៉ុណ្ណោះទេ នាង Paulina Vega ក៏ទទួលបានប្រាក់បៀវត្សរ៍ វីឡាដ៏ល្អប្រណិត មួយនៅក្នុងទីក្រុងញូវយ៉ក ផលិតផលថែរក្សាសម្រស់ និងអាហាររូបករណ៍ពេញមួយឆ្នាំមកពី New York Film Academy។
នៅក្នុងការប្រកួតនោះដែរគេក៏បានរកឃើញអ្នកដែលទទួលបានចំណាង់ថ្នាក់លេខ២ គឺ បវរកញ្ញា អាមេរិក នាង Nia Sanchez វ័យ ២៤ឆ្នាំ ចំណែកទី៣ បានទៅលើ បវរកញ្ញា អ៊ុយក្រែន នាង Diana Harkusha ទី៤ បានទៅលើ បវរកញ្ញាមកពីប្រទេសចាម៉ៃកា នាង Kaci Fennell និងទី៥ បានទៅលើ បវរកញ្ញាមកពីហូឡង់ នាង Yasmin Verheijen៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល