(ប៊ែរឡាំង)៖ ជើងហោះហើរស្ទើរតែទាំងអស់ របស់អាកាយានដ្ឋានអន្តរជាតិចំនួនពីរ ក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ត្រូវបានលុបចោល ដោយសារតែកើតមានការតវ៉ាយ៉ាងខ្លាំង ពីបុគ្គលិកបម្រើការងារក្នុងវិស័យ អាកាសចរណ៍អាល្លឺម៉ង់ ដែលទាមទារឲ្យតម្លើងប្រាក់ឈ្នួលពី ១១អឺរ៉ូក្នុងមួយម៉ោង ទៅ ១២អឺរ៉ូ (១២.៧១ដុល្លារអាមេរិក) ក្នុងមួយម៉ោងវិញ។ នេះបើតាមការដកស្រង់ការផ្សាយ នៅមុននេះបន្តិចពីសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។
អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៊ែរឡាំងចំនួនពីរគឺ Tegel និង Schoenefeld បានអះអាងរួមគ្នាថា ជើងហោះហើរសរុបទាំងក្នុងស្រុក និងក្រៅស្រុកចំនួនសរុប ៤៥៩ជើង ត្រូវបានលុបចោល ហើយដែលការតវ៉ាបានចាប់ផ្តើមឡើង តាមគ្រោងទុករយៈពេល ២៥ម៉ោង ដែលបានចាប់ផ្តើមនៅវេលាម៉ោង ៤៖០០នាទី ទៀបភ្លឺ ថ្ងៃសុក្រនេះ ម៉ោងនៅទីក្រុងប៊ែរឡាំង ត្រូវនឹងម៉ោង ៣៖០០នាទីម៉ោងសកល។
គួរបញ្ជាក់ថា អាកាសចរណ៍ដែលទទួលរងផលប៉ះពាល់ពេលនេះ មានដូចជា Air Berlin, Lufthansa, easyHet, និង Ryanair ផងដែរ។ លោក Enrico Ruemker ដែលជាមេដឹកនាំក្រុមអ្នកតវ៉ាខាងលើនេះ អះអាងថា «យើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការពិភាក្សាគ្នា ដែលជាពិតណាស់នឹងត្រូវធ្វើឡើង នៅចុងសប្តាហ៍នេះ»។ ដោយឡែកប្រតិបត្តិករនៅព្រលានយន្តហោះទាំងពីរ បានប្រាប់អ្នកដំណើរទាំងអស់ ឲ្យត្រៀមក្នុងការពិនិត្យ ជើងហោះហើររបស់ខ្លួនឡើងវិញ នៅពេលបញ្ចប់ការតវ៉ា៕
ប្រភព ៖ ស៊ីអិនអេ