នគរបាលក្រុងភ្នំពេញសហការជាមួយប៉ូលីសខណ្ឌពោធិ៍សែនជ័យ កាលពីម្សិលមិញបានចាប់ខ្លួនជនជាតិចិនម្នាក់ ពីបទសង្ស័យថាប៉ុនប៉ងបំផ្ទុះផ្ទះមិត្តភក្តិខ្លួនឯង។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ ស្នងការប៉ូលីសខណ្ឌ បានបញ្ជាក់អត្តសញ្ញាណជនសង្ស័យឈ្មោះ Leu Zun អាយុ ៣៩ ឆ្នាំ ជាអ្នកទេសចរ។ គាត់ត្រូវបានចាប់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើស ដោយសង្ស័យបុរសនោះព្យាយាមធ្វើសកម្មភាព បំផ្ទុះគ្រាប់បែកច្នៃនៅផ្ទះមួយក្នុងសង្កាត់ចោមចៅ។
លោកបាននិយាយថា លោក Zun ត្រូវបានគេចាប់ខ្លួនបន្ទាប់ពីអ្នកភូមិម្នាក់ បានរាយការណ៍ទៅប៉ូលីសថា គាត់បានឃើញលោក Zun មានអាកប្បកិរិយាគួរឲ្យសង្ស័យនៅខាងក្រៅផ្ទះ។លោកបាននិយាយថា ”យើងបានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ ដែលសង្ស័យថាបានស្ពាយគ្រាប់បែកច្នៃចំនួនប្រាំគ្រាប់ នៅប្រហែលម៉ោង ៩ និង ៣០ នាទីព្រឹក នៅមុខផ្ទះមួយកន្លែង ក្នុងសង្កាត់ចោមចៅ។ យើងបានសាកសួរគាត់ ហើយគាត់បាននិយាយថា គាត់កំពុងព្យាយាមបំភ័យជនជាតិចិនម្នាក់ផ្សេងទៀត ដែលនៅក្នុងផ្ទះនោះ។
ជនសង្ស័យបានប្រាប់ប៉ូលីសថា គាត់មកប្រទេសកម្ពុជាពីព្រោះជនជាតិចិនដែលជាមិត្តម្នាក់ បានសន្យាថានឹងអរកការងារឲ្យធ្វើ ប៉ុន្តែមិនបានផ្តល់ឲ្យគាត់ទេ ដែលធ្វើឲ្យគាត់ចំណាយប្រាក់យ៉ាងច្រើន ទៅលើការស្នាក់នៅក្នុងសណ្ឋាគារ អស់រយៈពេលប្រហែលពីរខែហើយ។
គាត់បានសារភាពថា គាត់គ្រាន់តែចង់បំភ័យមិត្តរបស់គាត់ ព្រោះគាត់ខឹងសម្បារការកុហករបស់មិត្តគាត់។ បន្ទាប់ពីរឹបអូសយកគ្រាប់បែកទាំងប្រាំនោះ មន្រ្តីប៉ូលីសបានផ្តល់ដំណឹងអ្នកជំនាញរបស់ស៊ីម៉ាក់ ហើយបានរកឃើញថា កញ្ចប់នោះមានតែដីខ្សាច់ មិនមានគ្រាប់រំសេវផ្ទុះទេ។
លោក សារ៉ាន់ បានកត់សម្គាល់ថា ”ទោះបីវាជាគ្រាប់បែកក្លែងក្លាយក៏ដោយ ក៏ជាសកម្មភាពនៅតែធ្វើឲ្យមានភាពវឹកវរ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ”។
លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់កាលពីម្សិលមិញថា អ្នកជំនាញស៊ីម៉ាក់ មិនបានរកឃើញសារធាតុផ្ទុះ នៅក្នុងគ្រាប់បែកក្លែងក្លាយនេះទេ។
លោកបានកត់សម្គាល់ថា ជនសង្ស័យបានធ្វើកញ្ចប់ទាំងនោះ មើលទៅដូចជាគ្រាប់បែកច្នៃ ដើម្បីបំភ័យមិត្តភក្តិរបស់គាត់ ៕
ប្រភព ៖ khmertimes