(អាមេរិក)៖ បន្ទាប់ពីមានការចុះផ្សាយ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា តារាស្រីហូលីវូតដ៏ល្បីឈ្មោះ គឺអ្នកស្រី Angelina Jolie និងលោក Brad Pitt ដែលជាស្វាមី កំពុងស្វែងរកកូនចិញ្ចឹមម្នាក់ទៀត នៅក្នុងប្រទេសកម្ពុជា ត្រូវបានសារព័ត៌មានមួយលើកឡើងថា នេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ដោយអ្នកទាំងពីរពុំមានគម្រោង ស្នើសុំកូន ចិញ្ចឹមម្នាក់ទៀតទេ ព្រោះសព្វថ្ងៃពួកគេ មានកូន៦នាក់ គឺគ្រប់គ្រាន់ហើយ។
Angelina Jolie ទោះបីជាពេលនេះមានវ័យ៤០ឆ្នាំ ទៅហើយក្តី ប៉ុន្តែនាងនៅតែមើលទៅស្រស់ស្អាត មិនចាញ់តារាវ័យក្មេងឡើយ ហើយកាលពីខែមុន តារាហូលីវូតម្នាក់នេះ បានមកលេងប្រទេសកម្ពុជា ជាមួយស្វា មីគឺលោក Brad Pitt ដែលពេលនេះលោកមានអាយុ៥២ឆ្នាំហើយ ក៏ល្បីថា អ្នកទាំងពីរគ្រោងស្នើសុំកូនចិញ្ចឹមកម្ពុជាម្នាក់ទៀត ប៉ុន្តែព័ត៌មាននេះ ក៏ត្រូវបានសាមីខ្លួនបដិសេធថា មិនមែនជាការពិតឡើយ។
គួរបញ្ជាក់ថា តារាស្រីដែលទទួលបាន ពានរង្វាន់អូស្ការរូបនេះ ធ្លាប់បានសុំកូនចិញ្ចឹមកម្ពុជាម្នាក់ តាំងពីឆ្នាំ២០០២ គឺ Maddox ដែលពេលនេះគេមានអាយុ១៤ឆ្នាំហើយ និងកំពុងសិក្សាពីគម្រោងផលិត និងថតខ្សែភាពយន្តខ្នាតធំ នៅកម្ពុជាជាមួយឪពុកម្តាយរបស់គេផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី