ព័ត៌មានកីឡា៖ ម្ចាស់ក្លឹប Chelsea និងម្ចាស់ចំណែកភាគហ៊ុនក្លឹប Arsenal ត្រូវខាតបង់ទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ ដល់ទៅ ជាង ១ពាន់លានផោន ដោយសារភាគហ៊ុនប្រេងនៅប្រទេសរុស្ស៊ី ត្រូវធ្លាក់ចុះយ៉ាងគំហុក។
ការធ្លាក់ចុះយ៉ាងគំហុកត្រឹមតែរយៈពេល១០ថ្ងៃ នៃទីផ្សារប្រេងក្នុងប្រទេសរុស្ស៊ី បានធ្វើឲ្យអ្នកវិនិយោគទុនជាច្រើនលើពិភពលោក ត្រូវខាតបង់ទ្រព្យសម្បត្ដិអស់មិនតិចនោះទេ តួយ៉ាងដូចជាម្ចាស់ក្លឹប Chelsea លោក Roman Abramovich និង ម្ចាស់ចំណែកភាគហ៊ុនក្លឹប Arsenal លោក Alisher Usmanov ត្រូវខាតបង់ទឹកប្រាក់សរុបទៅ គឺមិនក្រោម ១ពាន់លានផោននោះទេ ។
ម្ចាស់ក្លឹប Chelsea ដែលត្រូវបានគេដឹងថាមានទ្រព្យសម្បត្ដិសរុបដល់ទៅ ៦ពាន់លានដុល្លា ស្មើនឹង ៤.២ពាន់លានផោននោះ បានខាតបង់ទឹកប្រាក់ផ្ទាល់ខ្លួនដល់ទៅ ៥៧៥ លានផោន ត្រូវនឹង ៨២០ លានដុល្លារ ចំណែកលោក Alisher Usmanov ត្រូវខាតបង់ទឹកប្រាក់ដល់ទៅ ៦៣៨ លានផោន ត្រូវនឹង ៩១០ លានដុល្លារ។
សម្រាប់លោក Roman Abramovich ថ្វីត្បិតតែជំនួញរបស់គាត់ក្នុងប្រទេសរុស្ស៊ី ត្រូវខាងបង់ក៏ពិតមែន ប៉ុន្ដែ សម្រាប់ការដំណើរការក្រុមហ៊ុនផ្សេង ក្នុងទីក្រុង London, New York និង Southern France មិនមានបញ្ហាអ្វីនោះទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ mirror