ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសកាលពីម្សិលមិញថា គម្រោងស្ថានីយរថភ្លើងពីរាជធានីភ្នំពេញទៅព្រលានយន្តហោះដែលធ្វើដោយរ៉ូយ៉ាល់គ្រុប ត្រូវបានបញ្ចប់ពាក់កណ្តាលហើយ រីឯរថភ្លើងក៏កំពុងដឹកជញ្ជូនមកពីប្រទេសម៉ិកស៊ិកផងដែរ ជាមួយការរំពឹងថានឹងមកដល់កំពង់ផែខេត្តព្រះសីហនុនៅខែមីនាខាងមុខនេះ។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា "យើងមានមោទនភាពដែលរដ្ឋាភិបាលបានសម្រេចគោលដៅរបស់ខ្លួនក្នុងការស្ថាបនាខ្សែរថភ្លើងទៅព្រលានយន្តហោះនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ "។
ក្រសួង បាននាំចូលរថភ្លើងចំនួនបីក្បាលម៉ាស៊ីន ដោយរថភ្លើងនីមួយៗអាចដឹកអ្នកដំណើរបាន ១០០នាក់ ហើយក្រសួងក៏សង្ឃឹមថា សេវានេះនឹងអាចដំណើរការមុនពេលចូលឆ្នាំថ្មី ពោលគឺពាក់កណ្តាលខែមេសា។
ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍កាលពីខែធ្នូថា សេវារថភ្លើងថ្មីនឹងមិនគិតថ្លៃសម្រាប់ប្រជាជនគ្រប់រូបក្នុងអំឡុងពេលបីខែដំបូង ៕
ប្រែសម្រួល ៖ ច័ន្ទ
ប្រភព៖ KhmerTimes