CamNews

តារា 

ក្រុមកំប្លែង នាយ​ពាក់មី ត្រូវ​បាន​អ្នក​លេង Facebook រិះ​គន់​ធ្ងន់ៗ​ថា ក្លាយ​ជា​ក្រុម​កំប្លែង​ថោកទាប

(ភ្នំពេញ)៖ ក្រុមកំប្លែងដ៏ពេញនិយម របស់ទស្សន៍ CTN ​មានឈ្មោះថា «ក្រុមកំប្លែង នាយពាក់មី» ដែលស្ថិតក្រោមការគ្រប់គ្រង ពីសំណាក់លោក សុវណ្ណ ឫទ្ធី ហៅលោកតា វ៉ិចទ័រ កាលពីពេលថ្មីនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គម Facebook សម្ដែងការខកចិត្ត និងរិះគន់ធ្ងន់ៗថា កា្លយជាក្រុមកំប្លែងគ្មានសីលធម៌ មិនគោរពសិទ្ធិរបស់មនុស្សស្រី ហើយបានយកប្រពន្ធ នាយតាក់ស៊ី ទៅលេងសើច ហាក់មិនបានទុកមុខមាត់កិត្តិយសឲ្យ នាងជាស្រីបន្តិចសោះ ដែលភាសាទូទៅ គេអាចនិយាយបានថា ជាការលេងបន្លំមែន។

ថ្មីៗនេះ ត្រូវបានគេប្រទះឃើញអ្នកលេង Facebook ម្នាក់មាន Account ឈ្មោះ «Hia Khun» បានសរសេររិះគន់យ៉ាងធ្ងន់ៗ ចំពោះក្រុមកំប្លែងដ៏ល្បី នាយពាក់មី រហូតប្រើពាក្យថា ជាក្រុមកំប្លែងថោកទាបបំផុត ក្នុងចិត្តរបស់អ្នកលេង Facebook រូបនេះ ដែលបានយកជំងឺ នាយតាក់ស៊ីមកលេងសើច ប្រមាថជីវិត ហើយក្រុមនេះ កំពុងតែយកតណ្ហាដឹកមុខ អសីលធម៌ ដោយយកប្រពន្ធនាយពាក់មី មកស្ទាបអង្អែលដូចដាច់ដាប ដណ្ដើមគ្នាបីដូចសុនខ(ឆ្កែ)។

ក្នុងFacebook ដដែលនេះ បានសរសេរទៀតថា«បើខ្ញុំចាំមិនខុសទេ ថ្ងៃឆ្លងឆ្នាំមានឈុតសម្ដែងមួយ ដែលនាយក្រូចធ្វើជាមេយក្ស យកប្រពន្ធនាយតាក់ស៊ីមកលេងសើច បន្ទាប់មកនាយតាក់ ស៊ីខឹងនាយពាក់មី គេថា នែ៎ ..អាតាក់ស៊ីបើលេងចឹង ហ្អែងខឹងទៅធ្វើសំណង់វិញទៅ សួរថា សមទេ សម្ដីបែបហ្នឹង ? លោក វ៉ិចទ័រគួរមើលឡើងវិញ វាពិតជាអសីលធម៌ហួសហេតុ ពេកហើយ?»។

ក្រៅពី Account Facebook ខាងលើ គេនៅសង្កេតឃើញមាន អ្នកលេងជាច្រើនទៀត ក៏បានរិះគន់ទៅលើក្រុមកំប្លែង របស់នាយពាក់មី នេះដែរ និងស្នើឲ្យមានការសំណូមពរ ដល់អ្នកដឹកនាំ មេត្តាពិនិត្យជាថ្មី និងអប់រំសមាជិកអ្នកលេងកំប្លែង ឲ្យចេះប្រើពាក្យពេចន៍សមរម្យ ដើម្បីឲ្យអ្នកទស្សនាទទួលយកបាន និងកុំឲ្យក្លាយជាក្រុមកំប្លែងមានគំរូអាក្រក់ សម្រាប់អ្នកទស្សនា ។

សូមបញ្ជាក់ថា ក្រុមកំប្លែង នាយពាក់មី បានសម្ដែងរឿងមួយមានចំណងជើងថា«ល្បិចថ្មី» កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦នេះ ដោយក្នុងនោះមានឈុតឆាកមួយចំនួន ហាក់បីដូចជាមិនសមរម្យទាល់តែសោះ បណ្ដាលឲ្យ លេងបណ្ដាញសង្គម Facebook រិះគន់តែម្ដង ។

នៅព្រឹកថ្ងៃទី០៤ ខេមករា នេះ ទំព័រកំសាន្ត នៅមិនទាន់អាច ទំនាក់ទំនងសុំការបំភ្លឺបានទេ ពីសំណាក់លោក សុវណ្ណ ឫទ្ធី ហៅតាវ៉ិចទ័រ ដែលជាអ្នកគ្រប់គ្រងក្រុមកំប្លែង ជុំវិញការរិះគន់ធ្ងន់ៗបែបនេះ ​៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Pekmi Star news local news