CamNews

ព័ត៌មានអន្តរជាតិ 

ផ្គើនអាមេរិក-កូរ៉េខាងត្បូង , កូរ៉េខាងជើង បញ្ចេញសាច់ដុំ ម៉ីស៊ីល ៤គ្រាប់ បាញ់ឆ្លងទ្វីបទាំងព្រឹក

ព័ត៌មានអន្តរជាតិ ៖ កូរ៉េខាងជើង បានបង្ហាញសាច់ដុំទាំងគគ្លើន តាមរយៈ ការបាញ់ម៉ីស៊ីលឆ្លងទ្វីប ដល់ទៅ ៤ ចូលទៅកាន់សមុទ្រជប៉ុន នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ពីសំណាក់ នាយករដ្ឋមន្រ្តីប្រទេសជប៉ុន លោក Shinzo Abe ។ 


បន្ថែមពីលើនេះ លោក Shinzo Abe បន្តឲ្យដឹងថា បី ក្នុងចំណោម ម៉ីស៊ីលចំនួន ៤ខាងលើបានធ្លាក់ ចូលទៅកាន់តំបន់សេដ្ឋកិច្ចពិសេសជប៉ុន ឬ Japan's exclusive economic zone (EEZ) បន្ទាប់ពី ហោះរយៈឆ្ងាយប្រមាណ ១០០០គ.ម ។ ម៉ីស៊ីលទាំងអស់បានបាញ់ចេញពីតំបន់ Tongchang-ri ដែលមានទីតាំង ព្រំដែនជិតនឹងព្រំប្រទល់ប្រទេសចិន-កូរ៉េខាងជើង នេះបើយោងតាមការស្រាយ បំភ្លឺពីសំណាក់យោធា កូរ៉េខាងត្បូង ។ ពុំទាន់ច្បាស់នៅឡើយទេ ថាតើ ម៉ីស៊ីលឆ្លងទ្វីបចំនួន ៤ ខាង លើ ជាប្រភេទម៉ីស៊ីលអ្វីនៅឡើយទេ តែទោះជាយ៉ាងណាក៏ដោយចុះ កូរ៉េខាងជើង ត្រូវបានអង្គការ សហប្រជាជាតិ ដាក់បម្រាមមិនឲ្យសាកល្បងរាល់បច្ចេកវិទ្យានុយក្លេអ៊ែរ ឬ ម៉ីស៊ីល ណាមួយនោះ ទេ ។ 



មន្រ្តីផ្លូវការកូរ៉េខាងត្បូង ឲ្យដឹងថា ការបាញ់ម៉ីស៊ីលខាងលើ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃច័ន្ទនេះ វេលាម៉ោង ៧ និង ៣៦ នាទី (ម៉ោងក្នុងស្រុកប្រទេសកូរ៉េខាងត្បូង) ខណៈក្រុមការងារកំពុងតែ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់ឲ្យបាន ពីប្រភេទម៉ីស៊ីលណាទៅ ដែលកូរ៉េខាង ជើង បាញ់សាកល្បងនៅពេលនេះ ។ នៅថ្ងៃសុក្រ សប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាល ទីក្រុង ព្យុងយ៉ាង របស់ប្រទេសកូរ៉េខាងជើងនោះ បានគម្រាមគំហែង ក្នុងការបាញ់ម៉ីស៊ីល ដើម្បីឆ្លងតបទៅ នឹងសមយុទ្ធយោធា Foal Eagle ដែលធ្វើរួមគ្នា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈការ ធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរវាងអាមេរិក-កូរ៉េខាងត្បូងនោះ កូរ៉េខាងជើង សន្មត់ឲ្យដឹងថា ជាការ ត្រៀមវាយលុកប្រឆាំងរបបដឹកនាំរបស់ខ្លួន ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: North korea South korea Kim Jong Un Kim jong nam