CamNews

ព័ត៌មានអន្តរជាតិ 

ប្រធានា​ធិប​តី​ហ្វី​លី​ពីន៖ «ហ្វី​លី​ពីន​មិន​មែន​ជា​ឆ្កែ ដែល​ឲ្យ​គេ​ដឹក​ក្បាល​តាម​ចិត្ត​នោះ​ទេ»

(តូក្យូ)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ នៅថ្ងៃព្រហស្បតិ៍នេះ​បាននិយាយថា ប្រទេសរបស់​លោកអាចនឹងធ្វើ សមយុទ្ធយោធាជើងទឹកជាមួយ​​នឹងជប៉ុន ប៉ុន្តែទន្ទឹមគ្នានោះដែរ លោកនៅតែអះអាងឡើង វិញថា​ហ្វីលីពីននឹងមិនធ្វើសមយុទ្ធ​យោធារួមគ្នាឡើយ ជាមួយសហរដ្ឋអាមេរិក ព្រមទំាងសម្ដែងការខឹងសម្បារ ប្រឆំាងនឹងសម្ព័ន្ធមិត្ត​ដ៏យូរអង្វែងមួយនេះ ដោយនិយាយចំៗថា «ហ្វីលីពីនមែនជាឆ្កែ​ដែលឲ្យគេដឹកក្បាល តាមចិត្តនោះទេ»។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Channel News Asia​ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៦។


ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន នៅថ្ងៃចុងក្រោយ​នៃដំណើរទស្សនកិច្ច​នៅជប៉ុន លោក ឌូធើតេ បានលើក ឡើងដូច្នេះថា «ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយជប៉ុន​នៅក្នុងលក្ខខណ្ឌធម្មតា​ មិនមែនជាបញ្ហាទេ ប៉ុន្តែ​ជាមួយសហរដ្ឋអាមេរិក​ទើបជាបញ្ហា ហើយសមយុទ្ធយោធានេះទៀតសោត នឹងក្លាយជាលើក​ចុងក្រោយ»។ ប្រធានាធិបតីហ្វីលីពីន មាត់ឆៅរូបនេះ​បានបន្តទៀតថា នៅក្នុងជំនួបកាលពីថ្ងៃពុធ លោកបានពន្យល់នាយក រដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ពីមូលហេតុ ដែលលោកខឹងសហរដ្ឋអាមេរិក នោះបើតាមរូបលោកផ្ទាល់ ទីក្រុងវ៉ាស៊ីនតោន​បានចាត់​ទុកហ្វីលីពីន​ ដូចជា «ជាឆ្កែដែលគេអាចដឹកក្បាល​បានតាមចិត្ត» និងថែមទំាងហ៊ាន បង្រៀនពីសិទ្ធិមនុស្ស ជុំវិញសង្រ្គាមប្រយុទ្ធប្រឆំាងគ្រឿងញៀន របស់លោកទៀត។



គួររំឭកថា កាលពីថ្ងៃពុធ លោក ឌូធើតេ បានប្រកាសថា លោកចង់ឲ្យកងទ័ពបរទេស ចេញ​ពីប្រទេសរបស់​លោក យ៉ាងយូរពីរឆ្នាំក្រោយ។ ដោយឡែកនៅថ្ងៃព្រហស្បតិ៍នេះ គំរោង​ចូលគាល់ព្រះចៅ​អធិរាជជប៉ុន Akihito​ ត្រូវបានលុបចោល បន្ទាប់ពីការចូលទិវង្គតក្នុងព្រះជន្ម១០០ ព្រះវស្សានៃព្រះអង្គម្ចាស់ Mikasa ដែលជាព្រះបិតុលា នៃព្រះចៅអធិរាជ Akihito​៕



ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Philippine int news Hot news Breaking news