(វ៉ាស៊ីនតោន)៖ នាវាពិឃាដអាមេរិក USS Mahan បានបាញ់ព្រមានចំនួនបីគ្រាប់សំដៅ ទៅរកនាវាល្បាតអ៊ីរ៉ង់បួនគ្រឿង បន្ទាប់ពីនាវាល្បាតទាំងនេះ បានបង្កើនល្បឿនកាន់តែលឿន ដោយមិនស្ដាប់ការព្រមាន ឆ្ពោះមកក្បែរនាវាពិឃាដអាមេរិក នៅក្នុងតំបន់ច្រក សមុទ្រ Hormuz នៃឈូងសមុទ្រពែរ៍ នៅថ្ងៃអាទិត្យ ម្សិលមិញ។ នេះបើតាមមន្ត្រីក្រសួងការពារអាមេរិកពីរនាក់ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រលប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧។
មន្ត្រីទាំងពីររូបខាងលើដែលថ្លែងប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថា នាវាពិឃាដអាមេរិក USS Mahan បានទំនាក់ទំនងជាមួយនាវាល្បាតអ៊ីរ៉ង់ តាមរយៈវិទ្យុទាក់ទង ក៏ប៉ុន្តែនាវាល្បាតទំាងបួនគ្រឿងរបស់ឆ្មាំអ៊ីរ៉ង់ មិនបានឆ្លើយតប ទៅនឹងការស្នើសុំឱ្យបន្ថយល្បឿននោះទេ តែផ្ទុយទៅវិញកាន់តែបង្កើនល្បឿនមកជិតនាវា USS Mahan ក្នុងចំងាយប្រហែលជា៨០០ម៉ែត្រ ជាហេតុបង្ខំឱ្យនាវាពិឃាដនេះ សម្រេចចិត្តបាញ់ព្រមានចំនួនបីគ្រាប់ ហើយឧទ្ធម្ភាគចក្រ នៃកងម៉ារីនអាមេរិក ក៏បានគម្រាមថានឹងបាញ់ផងដែរបើសិននៅតែចូលមកជិត។ ដោយឡែកខាងភាគីអ៊ីរ៉ង មិនទាន់ធ្វើការអត្ថាធិប្បាយណា មួយនៅឡើយទេ ជុំវិញការអះអាងនេះ។
គួររំលឹកថា ករណីស្រដៀងគ្នានេះក៏ធ្លាប់បានកើតឡើង កាលពីខែសីហា ឆ្នាំ២០១៦ ដោយនៅកាលណោះ កងម៉ារីនអាមេរិក ក៏បានបាញ់ព្រមាននាវាល្បាតអ៊ីរ៉ង់ ដែលធ្វើដំណើរមកក្បែរនាវាអាមេរិកចំនួនពីរគ្រឿង ផងដែរ៕
ប្រភព ៖ reuters