(ក្រុងឡុងដ៍)៖ តារាជើងថ្មីដែលទើបតែរះ Marcus Rashford កំពុងតែត្រូវបានគ្រូបង្វឹកអង់គ្លេសលោក Roy Hodgson សំលឹងមើលយ៉ាង យកចិត្តទុកដាក់ និងអាចជ្រើសរើសចូលក្រុមជម្រើសជាតិឈុតធំ ដើម្បីលេងក្នុងព្រឹត្តិការណ៍ពាន រង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំងផងដែរ ។
Rashford ជាយុវជនក្នុងក្រុម U-18 របស់ក្លឹប Manchester United ដែលត្រូវបានលោក Louis van Gaal ជ្រើសរើសឲ្យជួយឈុតធំលេង បាន៣ប្រកួត និងស៊ុតបញ្ចូលទីបាន៤គ្រាប់គួរឲ្យភ្ញាក់ផ្អើល ពេលប្រកួតទល់នឹងក្រុម Midtjyilland របស់ដាយណឺម៉ាក និងកាំភ្លើងធំ Arsenal តែជាមួយនឹងក្រុម Watford រកមិនបាន១គ្រាប់ទេ តែបង្កើតឱកាសបានច្រើនក្នុងការលេង៩០នាទីពេញនោះ ។
ទាក់ទងនឹងបញ្ហានេះដែរលោក Roy Hodgson បានថ្លែងប្រាប់សារព័ត៌មាន BBC ថា “ខ្ញុំបានតាមដានមើល Rashford ២ឆ្នាំមកហើយ ដូច្នេះខ្ញុំអាចស្គាល់គាត់បានច្បាស់ហើយថាមានទម្រង់លេងបែបណានោះ ហើយយើងអាច ទុកកៅអីមួយផងដែរសម្រាប់គាត់នៅ Euro 2016 ប្រសិនបើគាត់នៅបន្តលេងបានល្អក្នុងប៉ុន្មានប្រកួតទៅមុខទៀតនេះ” ។
សូមរំលឹកដែរថា កីឡាករជនជាតិអង់គ្លេស វ័យទើបតែ១៨ឆ្នាំ Marcus Rashford បានចូលលេងក្នុងក្រុមឈុតធំ Manchester United លើកដំបូងជំនួសកន្លែងរបស់ខ្សែប្រយុទ្ធប្រធានក្រុម Wayne Rooney ដែលមានបញ្ហារបួស ជង្គង់ខាងឆ្វេងនោះ ដែលធ្វើឲ្យគេមានឱកាសរហូតដល់សព្វថ្ងៃ ក្រោយស៊ុតបញ្ចូលទីបាន៤គ្រាប់ ក្នុងចំណោម៣ប្រកួត មកនេះ ។
យុទ្ធនាការ Euro 2016 នៅបារាំង ក្រុមជម្រើសជាតិអង់គ្លេស ស្ថិតក្នុងពូល B ជាមួយនឹងក្រុមជម្រើសជាតិរុស្ស៊ី វ៉េល និងស្លូវ៉ាគី ៕
គ្រូបង្វឹកអង់គ្លេស លោក Roy Hodgson (ឆ្វេង)
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី