កាលពីសប្តាហ៍មុន នៅខណ្ឌសែនសុខ មានមាន់ និងទាជិត ៣០០ក្បាលត្រូវបានសម្លាប់ក្រោយពេលដែលគេរកឃើញថាពួកវាបានផ្ទុកជំងឺ H1N1 ឬជំងឺផ្តាសាយបក្សី។
លោក សៀង បូរិន ប្រធាននាយកដ្ឋានកសិកម្មក្រុង បានរៀបរាប់កាលពីម្សិលមិញថា មានសត្វមាន់ និងទាប្រមាណ ២៩២ក្បាលត្រូវបានគេសម្លាប់នៅសង្កាត់ភ្នំពេញថ្មីកាលពីថ្ងៃសៅរ៌ ក្រោយពេលដែលវិទ្យាស្ថានជាតិផលិតកម្ម និងសុខភាពសត្វបានរកឃើញការផ្ទុះឡើងនៃជំងឺនេះដោយមានសត្វមាន់៣ក្បាលត្រូវបានឆ្លងរោគនៅថ្ងៃទី ០៩ខែមករាកន្លងទៅមកម្លេះ។ មន្រ្តីនាយកដ្ឋានកសិកម្មទីក្រុង បានធ្វើការផ្អាកការនាំចេញសត្វបក្សីពីតំបន់នេះក្នុងគោលបំណងជៀសវាងការចំលងទៅថ្ងៃមុខ។
លោកបានបន្ថែមទៀតថា មន្រ្តីផ្នែកសុខភាពនឹងធ្វើការត្រួតពិនិត្យនិងតាមដានទៅលើសុខភាពរបស់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ។ ទន្ទឹមនឹងនេះផងដែរ ក្រុមការងាររបស់ខ្ញុំនឹងធ្វើការត្រួតពិនិត្យបន្ថែមទៅលើតំបន់ជុំវិញនេះ។ ជាក់ស្តែង ពួកយើងបានធ្វើការកាត់ផ្តាច់ការនាំចេញបក្សីពីតំបន់ឆ្លងរោគ និង៣គីឡូម៉ែត្រជុំវិញនោះ។
រដ្ឋមន្ត្រីកសិកម្ម ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថាអាជ្ញាធរទាំងអស់ត្រូវតែធានាថាគ្មានការជួយដូរឬដឹកជញ្ជូនបក្សីចេញពីតំបន់ហាមឃាត់នោះទេ។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា កាលពីថ្ងៃទី០៩ខែមករា លទ្ធផលការធ្វើតេស្តសត្វមាន់គឺត្រូវបានរកឃើញថាមានវីរុស H5N1 នៅក្នុងសត្វមាន់៣ក្បាលដែលយកចេញពីសង្កាត់ភ្នំពេញថ្មី ដូចនេះគណៈកម្មាធិការរួមជាមួយនឹងអាជ្ញាធរថ្នាក់មូលដ្ឋានគ្រប់ជាន់ថ្នាក់ត្រូវតែសហការណ៍គ្នា និងចាត់វិធានការណ៍ទប់ស្កាត់ការដឹកជញ្ជូនបក្សីចេញពីតំបន់ឆ្លងរោគ និង៣គីឡូម៉ែត្រជុំវិញនោះផងដែរ។
លោក សៀង បូរិន បានមានមតិបន្ថែមទៀតថាអ្នកបរិភោគទាំងអស់មិនត្រូវទិញសាច់ដែលមានប្រភពចេញពីកន្លែងនោះទេ ហើយពួកគាត់ត្រូវតែប្រាកដថាសត្វមាន់ដែលទិញនោះគឺមានជីវិតដោយមិនមែនជាសត្វមាន់ឈឺឡើយ។ ចំណែកឯអ្នកលក់ដូរឬអ្នកចិញ្ចឺមវិញ ត្រូវតែរាយការណ៍ជូនដល់អាជ្ញាធរជាបន្ទាន់ ប្រសិនបើពួកគាត់ឃើញថាសត្វមាន់ ឬទារបស់ពួកគាត់មានជំងឺ ដោយមិនត្រូវធ្វើការប៉ះពាល់ពួកវា ដើម្បីបញ្ជៀសការឆ្លងរោគ។
កាលពីចុងខែធ្នូកន្លងទៅនេះ ជំងឺ H5N1 បានរាតត្បាតនៅក្នុងខេត្តកំពង់ធំ ស្រុកស្ទូង ហើយបានបន្តការផ្ទុះឡើងនៅក្នុងខេត្តកំពង់ចាមផងដែរ ប៉ុន្តែអ្វីដែលល្អនោះគឺ ពុំមានការចំលងរោគដល់អ្នកភូមិឡើយ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ បាននិយាយថាក្រុមការងារបានចុះទៅធ្វើអន្តរាគមន៍ទាន់ពេលវេលានៅពេលមានការផ្ទុះឡើងនៅក្នុងទីក្រុងភ្នំពេញ ដើម្បីធានាថាពុំមានការឆ្លងរោគដល់ប្រជាជនដែលរស់នៅទីនោះទេ។
លោកបាននិយាយបន្តទៀតថា នេះជាទីតាំងទី៤ដែលបានផ្ទុះឡើងនូវជំងឺ H5N1 ដោយលើកមុនបានកើតឡើង ២កន្លែងនៅក្នុងខេត្តកំពង់ចាម និង១កន្លែងទៀតនៅខេត្តកំពង់ធំ ស្រុកស្ទូង។
យោងតាមរបាយការណ៍ពីនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងបានបង្ហាញថា ចន្លោះឆ្នាំ ២០០៥ ដល់២០១៤ មានប្រជាជនប្រមាណ ៥៦នាក់ត្រូវបានឆ្លងរោគ និង ៣៧នាក់បានស្លាប់ ៕
ប្រែសម្រួល៖ ច័ន្ទ
ប្រភព៖ KhmerTimes