(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគអាជីពដ៏មានប្រជាប្រិយភាព Barclays-English Premier League ចាប់ផ្តើមសម្ពោធមុនគេរាត្រីថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០១៦ នាម៉ោង២១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) ទាំង ១០ប្រកួត ព្រមគ្នាទាំងម្តង គ្រាដែល Bundesliga របស់អាល្លឺម៉ង់ ចាប់ផ្តើមថ្ងៃទី២៧ ខែសីហា។
សារព័ត៌មានដ៏ល្បី BBC របស់អង់គ្លេសបានផ្សាយឲ្យដឹងថ្ងៃនេះថា ការចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០១៦-២០១៧ នេះ គឺមាន ២០ក្រុមចូលចូលរដូវកាលមុនៗដែរ គ្រាន់តែមានសមាជិកថ្មី ៣ក្រុមទើបតែឡើងមកពីក្របខណ្ឌ Championship មានដូចជា Burnley, Hull City និង Middlesbrough ជំនួសកៅអីក្រុម Newcaslte United, Norwich City និង Aston Villa ដែលត្រូវបានកាត់ចេញពី Premier League រដូវកាលមុននេះ ក្រោយបញ្ចប់ទៅដោយចំណាត់ថ្នាក់បាតតារាងនោះ។
ទាំង ២០ក្រុមត្រូវប្រកួតវិលជុំដូរទឹកដីគ្នា ២ជើងចាប់ពីថ្ងៃទី១៣ សីហា រហូតដល់ចុងខែឧសភា ឆ្នាំ២០១៧ ទើបចប់ ដោយមានមានកញ្ជ្រោងខៀវ Leicester City ជាក្រុមការពារតំណែងជើងឯក និងកាំភ្លើងធំ Arsenal ជាក្រុមជើងឯករង, Tottenham Hotspur លេខ៣, Manchester City លេខ៤, Manchester United លេខ៥, Liverpool លេខ៨ និង Chelsea ឈរនៅលេខ១០។
ក្នុងនោះដែរ គូគួរឲ្យចាប់អារម្មណ៍ជាងគេ គឺកាំភ្លើងធំ Arsenal ត្រូវទទួលភ្ញៀវហង្សក្រហម Liverpool ស្របពេលដែល Manchester United ទៅផ្ទះក្រុម AFC Bournemouth, Chelsea ស្វាគមន៍ West Ham United, Everton ស្វាគមន៍ភ្ញៀវ Tottenham Hotspur និង Manchester City ទទួលភ្ញៀវឆ្មាខ្មៅ Sunderland ម៉ោង ៩យប់ដូចគ្នាៗទាំងអស់៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង