ព័ត៌មានអន្តរជាតិ ៖ ទូរស័ព្ទលើតុ ដែលត្រូវបានប្រើប្រាស់ដោយផ្ទាល់ ពីសំណាក់មេដឹកនាំអាល្លឺម៉ង់ផ្ដាច់ការ អាដុលហ្វ ហ៊ីត្លែរ (Adolf Hitler) អំឡុងសម័យសង្គ្រាមលោកលើកទី ២ នោះ ត្រូវបានលក់ ចេញក្នុងតម្លៃដេញថ្លៃខ្ពស់កប់ពពក ដល់ទៅ ២៤៣០០០ ដុល្លារសហរដ្ឋអាមេរិក។
ប្រភពសារព័ត៌មានគូសបញ្ជាក់ឲ្យដឹងថា អត្តសញ្ញាណបេក្ខភាពដែលដេញថ្លៃបាននូវ ទូរស័ព្ទរបស់ លោក ហ៊ីត្លែរ ខាងលើនេះ ពុំត្រូវបានបញ្ជាក់នោះទេ ខណៈការដេញថ្លៃដែលត្រូវបានធ្វើឡើងនៅ ទីក្រុង Chesapeake City រដ្ឋ Maryland តម្លៃដំបូង ចាប់ដេញពី ១០០០០០ ដុល្លារ ។ គួរបញ្ជាក់ថា ទូរស័ព្ទលើតុពណ៌ក្រហមខាងលើ មានឆ្លាក់ឈ្មោះ មេដឹកនាំផ្តាច់ការ ហ៊ីត្លែរ ត្រូវបានគេរកឃើញ នៅក្នុងលេណដ្ឋាន ទីក្រុង Berlin ក្នុងឆ្នាំ ១៩៤៥ ខណៈយោធាសូវៀត បានប្រគល់ទៅឲ្យមន្រ្តី ចក្រភពអង់គ្លេស លោក Ralph Rayner ជាវត្ថុអនុស្សាវរីយ៍ ភ្លាមៗក្រោយពីអាល្លឹម៉ង់ចុះចាញ់ ។ គួរបញ្ជាក់ថា ទូរស័ព្ទមេដឹកនាំរបស់លោក ហ៊ីត្លែរមួយគ្រឿងនេះ ត្រូវបានដាក់ដេញថ្លៃនៅឯទីតាំង ដេញថ្លៃ Alexander Historical Auctions ។
មន្រ្តីផ្លូវការ ពីទីតាំងដេញថ្លៃឲ្យដឹងថា ទូរស័ព្ទមួយគ្រឿងនេះ គឺជាអាវុធអត្តឃាតសម្លាប់មនុស្ស ដ៏ សាហាវ ពីព្រោះតែវាត្រូវបានប្រើប្រាស់ដោយផ្ទាល់ ពីសំណាក់ មេដឹកនាំផ្តាច់ការ អាល្លឹម៉ង់ ហ៊ីត្លែរ អំឡុងសម័យសង្គ្រាមលោកលើកទី ២ ក្នុងការចេញបញ្ជាក់ឲ្យមានការសម្លាប់មនុស្ស យ៉ាងរង្គាល អំឡុងពេលមានសង្គ្រាម ។ ច្រើនជាងការដេញថ្លៃយកទូរស័ព្ទដៃ លោក ហ៊ីត្លែរ រូបសំណាក់ឆ្កែ Alsatian ដែលធ្វើពី ប៉ុបសូឡែន របស់លោក ហ៊ីត្លែរដូចគ្នានោះ ត្រូវបានលក់ចេញ ក្នុងតម្លៃ ដេញថ្លៃដល់ទៅ ២៤៣០០ ដុល្លារ សហរដ្ឋអាមេរិក ។ គួររំឮកថា មេដឹកនាំផ្តាច់ការអាល្លឹម៉ង់ លោក អាដុលហ្វ ហ៊ីត្លែរ (Adolf Hitler) បានសម្លាប់មនុស្សដល់ទៅរាប់លាននាក់ អំឡុងសម័យ សង្គ្រាម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី