CamNews

កីឡាជាតិ 

ពាន HS-Cup រក​ឃើញ​ក្រុម​ឡើង​វគ្គ ១/៤ ផ្ដាច់​ព្រ័ត្រ ៧​ក្រុម​ជា​បណ្ដោះ​​អា​សន្ន

(ភ្នំពេញ)៖ ពានរង្វាន់ Hun Sen Cup លើកទី១០ នឹងត្រូវសម្រាកការប្រកួតរយៈពេល ១សប្ដាហ៍ ដើម្បី​ឲ្យ​កីឡាករ​ជាប់​ជម្រើស​ជាតិ​មក​ពី​ក្លឹប​នា​នា ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ខណៈការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ជា​ថ្មី នៅថ្ងៃទី៨ ខែមិថុនាខាងមុខ ។ ប៉ុន្ដែ​មុន​នឹង​សម្រាក​មាន​ក្រុម​មួយ​ចំនួន​ធំ​ហើយ ដែលទទួលបានកៅអីឡើងទៅ​វគ្គ ៨​ក្រុម​ចុង​ក្រោយ ឬ​វគ្គ ១/៤ ផ្ដាច់​ព្រ័ត្រ​នោះ ។

សម្រាប់ពូល A គឺមានក្រុមព្រះខ័នរាជស្វាយរៀង ដែលឈរកំពូលតារាងជាមួយ ១២ពិន្ទុ ដោយអស់ក្ដីបារម្ភ ទោះ​ការ​ប្រកួត​នៅ​សល់​១​សប្ដាហ៍​ទៀត​ក៏​ដោយ ។ ប៉ុន្ដែក្រុម Cam-Tiger ឈរ​លេខ​២ ដោយមាន​១០​ពពិន្ទុ មានសង្ឃឹម ៩៩%​នៅ​ឡើយ ព្រោះ​ត្រូវ​ជួប​ក្រុម​ព្រះ​ខ័ន​រាជស្វាយរៀង នាសប្ដាហ៍ចុងក្រោយ គ្រា​ដែល​ខេត្ត​កំពង់​ឆ្នាំង មាន​៧​ពិន្ទុ​ជា​គូ​ប្រជែង ត្រូវការឈ្នះព្រះសីហនុ លើសពី៤០​គ្រាប់ ដើម្បី​ទម្លាក់ Cam-Tiger ។

ដោយឡែកពូល B និង C បានរកឃើញក្រុមខ្លាំង ៤ក្រម ដែលទទួលបានកៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រហើយ ក្នុង​នោះ​ពូល B រួម​មាន​ក្រុម​ក្រសួង​ការ​ពារ​ជាតិ (លេខ១) និងក្រុមបឹងកេតអង្គរ (លេខ២) មាន​១២​ពិន្ទុ​ស្មើ​គ្នា រីឯ​ពូល D គឺភ្នំពេញក្រោន (លេ​ខ​១) និង​​លេខ​២ ក្រុម​មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែល​មាន​១២​ពិន្ទុ​ដូច​គ្នា ។

ចំណែកពូល D វិញពេលនេះទើបរកឃើញក្រុមឡើងវគ្គបន្ដ ១ក្រុមប៉ុណ្ណោះ គឺក្រុមណាហ្គាវើល ដែល​មាន​១២​ពិន្ទុ ។ ឯ ៣​ក្រុម​ផ្សេង​ទៀត ត្រូវ​ប្រជែងកៅអីលេខ២ នៅក្នុងការប្រកួតសប្ដាហ៍ចុង​ក្រោយ ខណៈ​បច្ចុប្បន្ន​ក្រុម​ទាំង​៣ មាន​ពិន្ទុ​ប្រកៀកប្រកិតគ្នា រួម​មាន​ក្រុម​ប៉ូលិស​មាន៨ពិន្ទុ ក្រុមខេត្តសៀមរាប និងក្រុមខេត្តស្វាយរៀងមាន ៧ពិន្ទុស្មើគ្នា ។ ចំពោះការប្រកួតសប្ដាហ៍ចុងក្រោយ ក្រុម​ប៉ូលិស ប៉ះ​ក្រុម​ណា​ហ្គា​វើល ឯ​ក្រុម​ខេត្ត​សៀម​រាប ប៉ះក្រុមខេត្តស្វាយរៀង ។ ចាំមើលក្រុមណាឡើងវគ្គបន្ដជាមួយណាហ្គាវើល?

គួរបញ្ជាក់ផងដែរថា ការប្រកួតជម្រុះដំណាក់កាលទី២ នៃពានរង្វាន់ Hun Sen Cup រដូវកាលថ្មីនេះ គឺនៅសល់​ការ​ប្រកួត ១​សប្ដាហ៍​ទៀត​គ្រប់​ពូល ប៉ុន្ដែសម្រាប់ពូល B និងពូល C គឺគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ ព្រោះ​គ្មាន​ក្រុម​ណា​អាច​ប្រជែង​កៅអី​ក្រុម​ឈរ​កំពូល​តារាង​បាន​ឡើយ ។ ចំណែកក្រុមពូល A និងពូល D គឺត្រូវមានការប្រជែងខ្លាំង ព្រោះ​ក្រុម​មួយ​ចំនួន ត្រូវ​ការ​ឈ្នះ​ដាច់​ខាត ដើម្បីឡើងវគ្គ ១/៤ ផ្ដាច់​ព្រ័ត្រ ៕

រូបពាន សម្តេចតេជោ ហ៊ុន សែន


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Sport Local news