(ប្រេស៊ីល)៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា អ្នកដែលនឹងធ្វើដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៍ Olympic Game នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល គួរតែជៀសវាងការធ្វើដំណើរទៅកាន់តំបន់ក្រីក្រ និងមានមនុស្សច្រើនកុះករ ដើម្បីការពារពីការឆ្លង វីរ៉ុស Zika ដែលកើតចេញពីសត្វមូស នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភានេះ។
WHO ក៏បានឲ្យដឹងដែរថា ក្រុមអត្តពលិក និងក្រុមអ្នកទស្សនា គួរតែប្រើប្រាស់ថ្នាំលាបកម្ចាត់សត្វល្អិត និងស្លៀកសម្លៀកបំពាក់ឲ្យជិតខ្លួន តាមដែលអាចធ្វើទៅបាន ហើយអនុវត្តការរួមភេទឲ្យមានសុវត្ថិភាព ឬបើអាចត្រូវតមការរួមភេទ នៅអំឡុងពួកគេស្នាក់នៅ ហើយយ៉ាងហោចណាស់ ត្រូវស្នាក់នៅទីនោះឲ្យបាន៤សប្តាហ៍ មុនពេលត្រឡប់មកវិញ។
ក្រុមអ្នកធ្វើដំណើរ ត្រូវបានទទួលការណែនាំ ឲ្យជ្រើសរើសទីស្នាក់អាស្រ័យ ដែលមានម៉ាស៊ីនត្រជាក់។ ស្ត្រីមានផ្ទៃពោះ គួរជៀសវាងការធ្វើដំណើរទៅកាន់តំបន់ ដែលមានការចម្លងវីរ៉ុស Zika ក្នុងនោះរួមទាំងទីក្រុង Rio de Janeiro ផងដែរ។ សូមជម្រាបថា ព្រឹត្តិការណ៍ Rio Olympics នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី២១ ខែសីហាខាងមុខ៕
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង