ព័ត៌មានអន្តរជាតិ ៖ របកគំហើញធ្មេញយក្ស នៅឯឆ្នេរមួយកន្លែង លើទឹកដី អូស្រ្តាលី គឺជាភស្តុតាង ដំបូងនិងជាក់ស្តែង ដែលបង្ហាញឲ្យដឹងថា ពូជបាឡែនអត្តឃាត (បាឡែនយក្សដែលសម្លាប់មនុស្ស យ៉ាងសាហាវ) នោះ គឺរស់នៅក្រៅទឹកដីសហរដ្ឋអាមេរិក នេះបើយោងតាមក្រុមអ្នកសិក្សាស្រាវជ្រាវ របាយការណ៍បញ្ជាក់ឲ្យដឹងថា អ្នកជំនាញដែលមានឈ្មោះថា លោក Murray Orr បានរកឃើញ ផូស៊ីលធ្មេញយក្សដល់ទៅ ៣០ស.ម នៅ ឯ ឈូងសមុទ្រ Beaumaris ជិតទីក្រុង មែលប៊ិន ប្រទេស អូស្រ្តាលី អំឡុងខែ កុម្ភៈ កន្លងទៅនេះ ។
ក្រោយមក លោក Orr បានបរិច្ចាក ផូស៊ីលដែលបានរកឃើញមួយនេះ ទៅកាន់ សារមន្ទីរ Museum Victoria ដែលសារមន្ទីរនេះផ្ទាល់ ទើបតែដាក់តាំងបង្ហាញជាសាធារណៈ នូវផូស៊ីលធ្មេញយក្សមួយ នេះជាលើកដំបូង កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញ ។ សារមន្ទីរ Victoria ឲ្យដឹងថា ផូស៊ីលដែលមាន អាយុកាល ៥លានឆ្នាំមួយនេះ គឺជាផូស៊ីល សត្វបាឡែនយក្ស ដែលធ្វើការ វាយប្រហារសម្លាប់ សា ហាវបំផុត។ ប្រភពពីសារមន្ទីរដដែលនេះ បន្តឲ្យដឹងថា ផូស៊ីលមួយនេះ គឺ ជា ផូស៊ីលបាឡែនយក្ស ដែលមានទំហំធំ និងទម្ងន់ដល់ទៅ ៤០តោន ខណៈមានប្រវែងដល់ទៅ ១៨ម៉ែត្រឯណោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី