(វ៉ាស៊ីនតោន)៖ សារព័ត៌មាន AFP បានចេញផ្សាយនៅមុននេះបន្ដិចថា ជនសង្ស័យក្នុងករណីបំផ្ទុះគ្រាប់បែកនៅកណ្ដាលទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនោះ ត្រូវបានអាជ្ញាធរសហរដ្ឋអាមេរិកបញ្ជាក់ថា មានឈ្មោះនៅក្នុងបញ្ជីខ្មៅ (បញ្ជីឈ្មោះក្រុមភេរវករ)។
ទូរទស្សន៍ NBC របស់អាមេរិក ក៏បានចេញផ្សាយផងដែរថា បុរសឈ្មោះ Ibrahim និង Khalid El Bakraoui ដែលត្រូវជាបងប្អូនប្រុសនឹងគ្នានោះ ត្រូវបានអាជ្ញាធរអាមេរិកអះអាងថា មានឈ្មោះនៅក្នុងតារាងបញ្ជីឈ្មោះក្រុមភេរវករ ប៉ុន្តែមិនមែនជាមុខសញ្ញាធំនោះទេ។
នៅមុននេះ ប៉ូលិសបែលហ្ស៊ិក បានឆែកឆេ Apartment របស់ជនសង្ស័យទាំងពីរខាងលើ បានរកឃើញភស្ដុតាងមួយចំនួន ដោយនៅក្នុងនោះប៉ូលិសបានរកឃើញថា គោលដៅវាយប្រហាររបស់ភេរវករគឺជាស្ថានីយរោងចក្រថាមពលនុយក្លេអ៊ែរបែលហ្សិក ប៉ុន្តែក្រុមភេរវករ បានប្ដូរគោលដៅមកវាយប្រហារអាកាសយានដ្ឋាន និងចំណតរថភ្លើងក្រោមដីទៅវិញ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២២ ខែមីនាកន្លងទៅនេះ មានករណីវាយប្រហារដោយគ្រាប់បែកនៅអាកាសយានដ្ឋាន និងចំណតរថភ្លើងក្រោមដី ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ដោយបានសម្លាប់មនុស្ស ៣៤នាក់ និងរបួសជាង ២៥០នាក់ ដោយករណីនោះ ត្រូវបានក្រុម ISIS អះអាងថា ជាទង្វើរបស់ពួកគេ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី