CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះអាមេរិកដឹកមនុស្សជាតិ ២០០ ឆាបឆេះពេលកំពុងត្រៀមហោះហើរ (វីដេអូ)

មនុស្សប្រហែល ២០នាក់រងរបួស បន្ទាប់ពីយន្តហោះ Boeing 767 របស់ក្រុមហ៊ុន American
Airlines បានឆេះ ខណៈកំពុងត្រៀមហោះហើរពីព្រលានយន្តហោះនៅ Chicago កាលពីថ្ងៃទី
២៨តុលា។

យន្តហោះដែលជួបគ្រោះថ្នាក់នេះគឺយន្តហោះ Boeing 767 ដែលមានលេខសម្គាល់ជើងហោះ
ហើរ 383 របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines។ យន្តហោះនេះ មានផ្ទុកអ្នកដំណើរ
១៦១នាក់ និងសមាជិកក្រុមហោះហើរចំនួន៩នាក់ នៅព្រលានយន្តហោះ O'hare ក្នុងក្រុង
Chicago។

នៅវេលាម៉ោងប្រហែល ២៖៣០នាទីរសៀលម្សិលមិញ (ម៉ោងក្នុងស្រុក) នៅពេលយន្តហោះកំពុង
ត្រៀមហោះហើរ ម៉ាស៊ីនខាងស្ដាំរបស់វាបានឆេះ នេះបើតាមការឱ្យដឹងពីសមត្ថកិច្ចនៅព្រលាន
យន្ដហោះ។ ភ្លាមនោះ ក្រុមបុគ្គលិកនៃយន្ដហោះនេះ បានបញ្ឈប់ការត្រៀមហោះហើរ និងបាន
ជម្លៀសអ្នកដំណើរទាំងអស់ចេញពីយន្ដហោះ។ ហេតុការណ៍នេះបណ្ដាលឱ្យមានមនុស្សប្រហែល
២០នាក់រងរបួស។


នៅក្នុងវីដេអូដែលថតបានហេតុការណ៍នេះបង្ហាញថា អណ្ដាតភ្លើងបានរាលដាលយ៉ាងលឿន
និងមានផ្សែងខ្មៅខ្មួលខ្មាញ់។ ក្រោយមកបន្តិច កងកម្លាំងពន្លត់អគ្គីភ័យក៏បានមកដល់កន្លែងកើត
ហេតុ។

Timothy Sampey មន្ដ្រីនៃកងកម្លាំងពន្លត់អគ្គីភ័យ បានឱ្យដឹងថា ប្រេងសាំងរបស់យន្តហោះ ត្រូវ
លេចធ្លាយ គឺជាមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់នេះ។ សំណាងល្អណាស់ដែលវាឆេះចំពេល
យន្តហោះកំពុងត្រៀមហោះហើរ ហើយបើសិនវាឆេះនៅពេលកំពុងហោះហើរនោះលទ្ធផលមិន
ដឹងទៅជាយ៉ាងណាទេ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ NBC


Tags: American Airlines យន្តហោះ ឆេះ អាមេរិក