ភ្នំពេញៈ តារាចម្រៀងស្រីវ័យក្មេងសាច់សខ្ចី បីដូចបណ្តូលចេក ទេព បូព្រឹក្ស បានបង្ហើបប្រាប់
ឲ្យដឹងថា ពេលនេះនាងកំពុងតែមមាញឹក ក្នុងការៀបចំហាងថ្មី ដើម្បីត្រៀមសម្ពោធក្នុង ពេល
ឆាប់ៗនេះ តែនាងមិនចង់ធ្វើធំដុំ ធ្វើឲ្យភ្ញាក់ផ្អើលអីនោះទេ។
តារាចម្រៀងស្រីវ័យ១៩ឆ្នាំ ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស បានប្រាប់ឲ្យដឹង
នៅក្នុងកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” របស់វិទ្យុដើមអម្ពិល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២នេះថា ពេល
នេះនាងកំពុងតែមមាញឹក ជាមួយការថតបទចម្រៀង និងមុខរបរថ្មីដែលនាងទើបតែបើក ព្រោះ
ត្រូវត្រៀមរៀបចំពិធី សម្ពោធជាផ្លូវការ នៅដើមខែមីនា ឆ្នាំ២០១៣នេះ។
តារាស្រីដែលមានស្នាមញញឹមស្រស់ បង្កប់មន្តស្នេហ៍រូបនេះ បានប្រាប់ឲ្យដឹងថា “ ខ្ញុំទើបតែបើក
ហាងថ្មី តែមិនទាន់បានរៀបចំ ពិធីបើកសម្ពោធ ជាផ្លូវការនៅឡើយទេ គឺនៅដើមខែមិនា ទើប
សម្ពោធហើយហាងថ្មីនេះ តែខ្ញុំក៏មិនមានគម្រោង រៀបចំកម្មវិធីធំដុំឲ្យផ្អើលអ្នកសិល្បៈ ឬក៏ត្រូវ
ចំណាយលុយរាប់ពាន់ ក្នុងការរៀបចំកម្មវិធីនេះទេ គឺប្រហែលជារៀបចំធម្មតាៗតែប៉ុណ្ណោះ”។
កញ្ញា ទេព បូព្រឹក្ស បានប្រាប់បែបលាក់លៀមទៀតថា ដើមទុនដែលនាងបានចំណាយ បើកហាង
ប្រមាណជាង២ម៉ឺន ហើយហាងនេះក៏មិនមែន ហាងរបស់នាងតែម្នាក់ឯងនោះទេ គឺនាងចូលហ៊ុន
ជាមួយពូ ដោយហាងថ្មីរបស់នាង មានឈ្មោះថា LCB លក់ផលិតផលថែរក្សាសក់ ដែលនាំចូលពី
ប្រទេសអូស្ត្រាលី ។ មូលហេតុដែលនាង បើកហាងលក់ផលិតផលនេះ ដោយសារតែនាងសង្កេត
ឃើញថា ប្រទេសយើងមិនទាន់មាន ហាងដែលលក់ផ្តាច់មុខ នូវផលិតផលថែរក្សាសក់នៅឡើយទេ៕
ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល