ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ការសាងសង់រោងចក្រចម្រាញ់ប្រេងមួយ ដែលស្ថិតនៅក្នុងខេត្តពីរភាគខាងត្បូង កំពុងដំណើរការយឺតជាងការរំពឹងទុក ខណៈគម្រោងនេះទាំងស្រុងគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២២។
លោក កូស ស៊ីឡា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាប្រេង បាននិយាយថា ដំណាក់កាលដំបូងនៃរោងចក្រចម្រាញ់ប្រេងកាតដែលមានទីតាំងនៅលើផ្ទៃដីចំនួន ៣៦៥ ម៉ែត្រការ៉េ នៅខេត្តព្រះសីហនុ និងខេត្តកំពត នឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ ដែលខុសពីគម្រោងដើមដែលកំណត់ថា នឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ ២០១៩ នេះ។
លោក ស៊ីឡា បានថ្លែងនៅក្នុងសន្និសីទស្តីពីវិស័យប្រេង និងឧស្ម័ន ដែលប្រារព្ធធ្វើនៅរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារថា រោងចក្រនេះបានចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៧ ប៉ុន្តែវាមានដំណើរការសាងសង់មានភាពយឺតយ៉ាវ។
រោងចក្រនេះ នឹងចំណាយអស់ ៦២០ លានដុល្លារ ហើយនឹងអាចចម្រាញ់ប្រេងឆៅបាន ៣ លានតោនក្នុងមួយឆ្នាំ ដែលនឹងអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន។
រោងចក្រដែលកំពុងត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនប្រេងឥន្ទនៈកម្ពុជា នឹងទំនងជាដំណើរការបូមប្រេងពីប្លុកអណ្ដូងប្រេងអប្សរា ដែលត្រូវបានកំណត់ថាជាអណ្ដូងប្រេងបម្រុង ត្រូវបូមមុនគេនៅក្នុងប្រទេសកម្ពុជា។
ប្រសិនបើរោងចក្រចម្រាញ់ប្រេងមិនបញ្ចប់ទាន់ពេលកំណត់ ខណៈពេលប្លុកប្រេងអប្សរាអាចបូមយកប្រេងបាននៅក្នុងឆ្នាំនេះ នោះប្រេងឆៅនឹងត្រូវនាំចេញទៅលក់នៅក្រៅប្រទេស។
លោក ស៊ីឡា បានប្រាប់សន្និសីទនេះថា «មិនទាន់មានផែនការ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការ ដើម្បីតភ្ជាប់ប្លុកប្រេងអប្សរា និងរោងចក្រចម្រាញ់ប្រេងដែលកំពង់សាងសង់នេះនៅឡើយទេ។»
តួលេខពីក្រសួងរ៉ែ និងថាមពលបានបង្ហាញថា កម្ពុជាបានប្រើប្រាស់ផលិតផលប្រេងកាត ២,៥ លានតោនកាលពីឆ្នាំមុន ដែលកើនឡើង ១០ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៧ ។ កម្ពុជាបាននាំចូលប្រេងពីប្រទេស សិង្ហបុរី ថៃ និងវៀតណាម ៕
ប្រភព ៖ khmertimes