(ប៉ារីស)៖ រឿងដ៏គួរឲ្យភ្ញាក់ផ្អើល គឺសហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានកត់ត្រា៩ក្រុមជម្រើសជាតិចូលទៅក្នុងបញ្ជីស្បែកខ្មៅរបស់ខ្លួន ពីបទអ្នកគាំទ្ររបស់ពួកគេបានបង្កហិង្សាដាក់គ្នា និងរំខាន់ក្នុងពេលប្រកួតត្រឹមតែរយៈ ១០ថ្ងៃមកនេះគិតចាប់តាំងពី Euro 2016 នៅប្រទេសបារាំងបានចាប់ផ្តើម។
សារព័ត៌មាន Dailymail ដ៏ល្បីរបស់អង់គ្លេសបានឲ្យដឹងថា រហូតមកដល់ពេលនេះ UEFA បានបើកការស៊ើបអង្កេត ៨ក្រុមជម្រើសជាតិហើយ ដែលសុទ្ធសឹងតែកំពុងប្រកួតក្នុង Euro 2016 លើកទី១៥នេះ ហើយក្នុងនោះក៏បានពិន័យ សហព័ន្ធបាល់ទាត់រុស្ស៊ីជាទឹកប្រាក់ ១៥ម៉ឺនអឺរ៉ូមកហើយផងដែរ ពីបទអ្នកគាំទ្របានប៉ះទង្គិចគ្នាជាមួយអ្នកគាំទ្រ អង់គ្លេស តាំងពីថ្ងៃប្រកួតបើកឆាកពូល B ស្មើលទ្ធផល ១-១ នៅក្នុងទីក្រុង Marseille ហើយក៏កំពុងត្រូវបានស៊ើប អង្កេតបន្តទៀតដែរ ក្រោយប៉ះទង្គិចគ្នាជាថ្មីម្តងទៀតនៅទីក្រុង Lille។
ទាំង៩ក្រុមនោះរួមមាន រុស្ស៊ី អង់គ្លេស វ៉េល ហុងគ្រី ក្រូអាត ព័រទុយហ្គាល់ តួកគី ប៊ែលហ្ស៊ិក និងក្រុមជម្រើសជាតិរ៉ូម៉ានី ដែលក្រុមទាំងនេះសុទ្ធសឹងតែជាប់ក្នុង Black List ដោយសារតែអ្នកគាំទ្រទាំងអស់ គឺបង្កហិង្សាដាក់អ្នកគាំទ្រដូចគ្នា រំខានដល់ការប្រកួត ដូចជាស្រែកច្រៀងតាមបែបរិះគន់ពូជសាសន៍ ដុតភ្លើងក្នុងពហុកីឡដ្ឋាន អ្នកគាំទ្ររត់ចូលទីលាន និងគប់វត្ថុផ្សេងៗចូលទីលាន ដូចជាកាំជ្រួចជាដើម។
តែយ៉ាងណាក៏ដោយ UEFA បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ គឺនឹងវិនិច្ច័យទោសទណ្ឌនៅថ្ងៃអង្គារស្អែកនេះ គ្រាដែលការប្រកួតជម្រុះក្នុងពូលមួយចំនួន ក៏ត្រូវបានបញ្ចប់ផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង