CamNews

តារា 

គង់ ច័ន្ទស្រី​មុំ រៀបមង្គលការ គគ្រឹកគគ្រែង ថ្ងៃនេះ ជិត ១០០តុ នៅសណ្ឋាគារ សូហ្វីតែល

(ភ្នំពេញ)៖ ទីបំផុត ចំណងស្នេហ៍ស្គាល់ចិត្តស្គាល់ថ្លើមគ្នា ប្រមាណជិត១០ឆ្នាំ របស់តារាសម្ដែង នាង គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា រហូតដល់ថ្នាក់ពេលខ្លះ ត្រូវរងព័ត៌មានថា ពួកគេរស់នៅ ក្រោមដំបូលផ្ទះតែមួយ ជាមួយគ្នាផងនោះ នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦នេះ អ្នកទាំងពីរបានដឹកដៃគ្នា ក្រាបផ្ទឹមរៀបការតាមប្រពៃណី បន្លឺសំឡេងភ្លេងការយ៉ាង អធិកអធ័ម ​និងទទួលពរជ័យពីមេបា ទាំងសងខាង យ៉ាងទ្រហឹងអឺងអាប់ ។

គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា បានទំនាក់ទំនងជាមួយគ្នា រួចវេញជាចំណងស្នេហ៍ ក្នុងពិភពសិល្បៈ រហូតអ្នកសិល្បៈគ្រប់មជ្ឈដ្ឋាន ទទួលស្គាល់ចំណងស្នេហ៍នេះ ហើយពួកគេឈានដល់ ការមានជំនួញរកស៊ី ជាមួយគ្នាទៀតផង ។ គូស្នេហ៍ទាំងពីត្រូវបានគេមើលឃើញថា តែងតែដឹកដៃគ្នា​ត្រសង ទៅចូលរួមកម្មវិធីរបស់មិត្តភក្តិ ជាហូរហែមិនដែលដាច់ ហើយជាគូស្នេហ៍មួយ អាចរក្សាបាននូវចំណងស្នេហ៍ មិនទាន់ចូលរោងការបានយូរជាងគេ ព្រោះមានគូស្នេហ៍ក្នុងសិល្បៈ ជាច្រើនមកហើយ ស្រឡាញ់គ្នាបានតែមួយឆាវ ក៏បែកគ្នាវិញ ដែលគេហៅថា «ស្នេហាបែបភ្លើងចំបើង»។

ប៉ុន្តែសម្រាប់ស្រីស្រស់ គង់ ច័ន្ទស្រីមុំ និងកំឡោះសង្ហា លោក គឹម សីហា នៅតែរក្សាចំណងស្នេហ៍មួយនេះ បានរហូតជិតដប់ឆ្នាំ ពិតជាមិនធម្មតាឡើយ ទោះបីពួកគេមានវ័យ នៅក្មេង បន្តិចក្ដី តែពួកគេហាក់បីដូចជាមនុស្ស ចាស់ចិត្តចាស់គំនិត ក្នុងរឿងស្នេហា ពោលមិនមានចិត្តវេចវេ ទៅរកអ្នកថ្មីឡើយ ខណៈកញ្ញា គង់ ច័ន្ទស្រីមុំ កន្លងមក ក៏មានអ្នកតូចអ្នកធំ អ្នកមានអំណាច មានលុយ ជាច្រើននាក់មកហើយ តាមស្រឡាញ់រូបនាង និងចង់បានជាគូអនាគត។

ជាក់ស្ដែងនៅថ្ងៃនេះ លទ្ធផលស្នេហារបស់ពួកគេ គឺទទួលបានផ្លែផ្កាគួរជាទីមោទន ដោយបានសម្រេចចិត្ត ចូលរោងជ័យ ក្រោមទឹកមុខរំភើបរីករាយគ្នាអ្វីផ្ទឹម ក្នុងនោះអ្នកទាំងពីរ បានអញ្ជើញភ្ញៀវកិត្តិយស ដែលភាគច្រើនជាអ្នកសិល្បៈ ដើម្បីចូលរួមអបអរសាទរ ឲ្យពរឲ្យជ័យ ប្រមាណ ជិត១០០តុឯណោះ​។ ក្នុងកម្មវិធីទទួលទានអាហារ នឹងត្រូវ​ធ្វើឡើងនាល្ងាចនេះ នៅឯសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល ភោគីត្រា ភ្នំពេញ នៅវេលាម៉ោង៥ល្ងាចតទៅ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី

 


Tags: Kong chansreymom Star news local news