CamNews

ព័ត៌មានអន្តរជាតិ 

តើនឹងមានឥទ្ធិពលអ្វីខ្លះដល់តំបន់អាស៊ី ប្រសិនបើលោកស្រី គ្លីនតុន ឬ លោកត្រាំជាប់ឆ្នោត?

(អាមេរិក)៖ ការប្រកួតប្រជែងរវាងលោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក ដូណាល់ត្រាំ ក្នុងការក្លាយជាប្រធានាធិបតីអាមេរិក កំពុងឈានដល់ដំណាក់ចុងក្រោយ។ ស្ថិតក្នុងស្ថានភាពនេះបណ្តាប្រទេស នៅតំបន់អាស៊ីកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ មូលហេតុដោយសារគោលនយោបាយរបស់បេក្ខជនទាំងពីររូប សុទ្ធតែជះឥទ្ធិពលយ៉ាងខ្លាំងទៅលើតំបន់អាស៊ី ជាពិសេសទៅលើវិស័យពាណិជ្ចកម្ម និងភូមិសាស្ត្រនយោបាយ។

ក្នុងនាមជាបុគ្គលដ៏មានឥទ្ធិពលម្នាក់នៅលើពិភពលោក ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ និងការគ្រប់គ្រងតំបន់អាស៊ី ក្នុងពេលអនាគត។ រឿងនេះអាចជារឿងពិត បើទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងមានទំហំធំជាងអាមេរិកក្នុងទសវត្សរ៍ឆ្នាំ២០២០ខាងមុខ ហើយបើទោះបីជាផ្នែកខ្លះនៃតំបន់អាស៊ី ដូចជាកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ីជាដើមនឹងក្លាយជាតួអង្គដ៏សំខាន់ក្នុងការ ជម្រុញកំណើនសេដ្ឋកិច្ចពិភពលោកក្នុងទសវត្សរ៍ក្រោយក្តី។

ហេតុនេះតើបេក្ខជនទាំងពីរមានឥទ្ធិពលបែបណាក្នុងតំបន់អាស៊ី?

* វិស័យពាណិជ្ជកម្ម៖
ក្នុងគោលដៅដើម្បីទាញយកផលប្រយោជន៍សក្តានុពល នៃកំណើនសេដ្ឋកិច្ចតំបន់អាស៊ី ប្រធានាធិបតីអូបាម៉ា បានធ្វើកិច្ចចរចាលើកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក ដែលហៅកាត់ថា TPP ក្នុងបំណងជម្រុញវិស័យពាណិជ្ជកម្មសេរីកាន់តែទូលំទូលាយជាងមុន។ ប៉ុន្តែកិច្ចព្រមព្រៀងដ៏សំខាន់នេះអាចនឹងត្រូវអាសារបង់ខ្ទេចខ្ទីរតែម្តង បើទោះបីជាបេក្ខជនរូបណាជាប់ឆ្នោតជាប្រធានាធិបតីក៏ដោយ។

កិច្ចព្រមព្រៀងនេះនឹងត្រូវបានបំផ្លាញ និងគ្មានប្រយោជន៍សម្រាប់ប្រទេសផ្សេងៗដូចជា ជប៉ុន និងប្រជាជាតិអាស៊ាន ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

មូលហេតុដោយសារ ប្រសិនបើបេក្ខជនបក្សប្រជាធិបតេយ្យ លោកស្រី គ្លីនតុន ឈ្នះឆ្នោត លោកស្រីទំនងជាបង្ហាញភាពរារែង ចំពោះកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរី។ ដូចគ្នានេះបេក្ខជនបក្សសាធារណរដ្ឋ ក៏កំពុងតែបង្ហាញការប្រឆាំងជាខ្លាំងចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ទាប់ពីពីបក្ស TEA (ផ្នែកមួយនៃបក្សសាធារណរដ្ឋ) កំពុងដាក់សម្ពាធទៅលើសមាជិកសភា ស្តីពីគោលនយោបាយពាណិជ្ជកម្មសេរីនេះ។

ប៉ុន្តែបញ្ហានេះ បែរជាដាក់សម្ពាធទៅប្រទេសណាមួយ ដែលចង់សម្លុតគំរាមកំហែងក្នុងតំបន់ ដោយប្រើប្រាស់ទំនាក់ទំនាក់ពាណិជ្ជកម្ម និងឥទ្ធិពលនយោបាយ របស់ខ្លួន។ ជាមួយគ្នានេះដែរ ក្នុងគោលបំណងចង់រក្សាតុល្យភាពពាណិជ្ជកម្មក្នុងតំបន់អាស៊ី លោកត្រាំ ធ្លាប់បានបញ្ជាក់ថា លោកនឹងបង្កើនឧបសគ្គ ពាណិជ្ជកម្មដើម្បីប្រឆាំងដៃគូផលិតសំខាន់ៗ ក្នុងនោះរួមទាំងការបង្កើនពន្ធទ្វេដងចំពោះទំនិញនាំចូលពីប្រទេស ចិន និងជប៉ុនផងដែរ។

* រូបិយវត្ថុ និងសុខាភិបាល៖
បញ្ហារូបិយវត្ថុក៏នឹងមានភាពស្មុគស្មាញដូចគ្នា ប្រសិនបើលោកត្រាំ ដែលជាមហាសេដ្ឋីវាល់លានជាប់ឆ្នោត។ លោកធ្លាប់បានបញ្ជាក់ថា មានប្រទេសមួយចំនួន កំពុងគេងបន្លំដោយសាររូបិយ៍វត្ថុរបស់ប្រទេសនោះធ្លាក់ចុះ។ លោកមានបំណងចង់ផ្តួលរំលំកំណែទម្រង់ របស់ប្រទេសចិនពាក់ព័ន្ធទៅនឹងការប្តូរប្រាក់បរទេស។ ព្រមទាំងដាក់ចេញគោលការណ៍ប្រឆាំងធនាគារជប៉ុន ដើម្បីរក្សាប្រាក់យេនជប៉ុន ឱ្យទាបបំផុតទល់នឹងប្រាក់ដុល្លាររបស់អាមេរិក។
ចំណែកគម្រោង Obaman Care (ផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការថែទាំសុខភាព) ដែលបានគំរាមកំហែងដល់ឱសថស្ថាន និងធានារ៉ាប់រងសុខភាព ដែលបានរុញទម្លាក់តម្លៃសេវាកម្មទាំងពីរនេះ។ ហេតុនេះ ប្រសិនបើបក្សសាធារណរដ្ឋឈ្នះឆ្នោតនោះ ពួកគេអាចលុបបំបាត់គម្រោងនេះ។

• នយោបាយ និងភូមិសាស្ត្រនយោបាយ៖
បេក្ខជនប្រធានាធិបតីទាំងពីររូប បានសន្យាថា នឹងចាត់វិធានការណ៍តឹងរឹងចំពោះប្រទេស ចិន។ ការពិតទៅ រឿងនេះ វាហាក់គ្រាន់តែជាគោលនយោបាយ និងកលល្បិចទាក់ទាញការគាំទ្រប៉ុណ្ណោះ។ ស្ទើរគ្រប់បេក្ខជនប្រធានាធិបតីគ្រប់រូបក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ តែងតែជ្រើសរើសសន្លឹកបៀមួយនេះ តែនៅពេលឡើងកាន់អំណាច គ្មានប្រធានាធិបតីណាម្នាក់ មើលរំលងអនុភាពសេដ្ឋកិច្ច និងឥទ្ធិពលរបស់ប្រទេសមួយនេះលើសហគមន៍អន្តរជាតិបានឡើយ គឺផ្ទុយស្រឡះពីការសន្យារបស់ខ្លួនដែលទប់ទល់ជាមួយមហាអំណាចនៅអាស៊ីមួយនេះ។  

សម្រាប់រដ្ឋាភិបាលក្រុង ប៉េកាំង លោកស្រី គ្លីនតុនបានបញ្ជាក់អះអាងថា នៅក្នុងប្រទេស ចិនមានរឿងក្តៅជាច្រើនដែលត្រូវការចាត់វិធានការណ៍ ជាបន្ទាន់ក្នុងនោះមានដូចជា បញ្ហាសិទ្ធមនុស្ស សេរីភាពអ៊ីនធើណែត។ លោកស្រីមានជំនឿថា ឥទ្ធិពលរបស់ចិនមានដែនកំណត់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: us trump clinton