(ភ្នំពេញ)៖ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានបង្កើតប្រវត្តិសាស្ដ្រជូនប្រទេសជាតិកម្ពុជាជាថ្មីម្ដងទៀតហើយ បន្ទាប់ពីដណ្ដើមបានមេដាយមាស និងឆ្លងផុតការប្រកួតជម្រុះកីឡាអូឡាំពិក នៅលើទឹកដីប្រទេសហ្វីលីពីន ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច និងត្រូវបន្ដឡើងទៅប្រកួតជុំបន្ទាប់នៃកីឡាអូឡាំពិក រដូវក្ដៅ នៅទីក្រុង Rio ប្រទេសប្រេស៊ីល នៅដើមខែសីហា ឆ្នាំ២០១៦ខាងមុខ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងប្រាប់ Fresh News ឲ្យដឹងមុននេះថា ស៊ន សៀវម៉ី គឺជាកីឡាការិនីឆ្នើម តំណងឲ្យអត្តពលិកកីឡាជាតិមុនគេ ដែលឆ្លងផុតការប្រកួតជម្រុះកីឡាអូឡាំពិក ជាផ្លូវការបែបនេះ។
លោកបន្ថែមថា ស៊ន សៀវម៉ី បានឈ្នះមេដាយមាស បន្ទាប់ពីនាង ប្រកួតឈ្នះ ២ប្រកួតជាប់គ្នា លើកីឡាការិនីមកពីប្រទេសគៀកហ្គីសគីស្ថាន និងកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីនផ្ទាល់តែម្ដង នៅលើវិញ្ញាសាទម្ងន់ ៦៧គីឡូក្រាម។
ជាមួយនឹងជ័យជម្នះជាប្រវត្តិសាស្ដ្រនេះ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា សៀវម៉ី នឹងត្រូវបន្ដឡើងទៅប្រកួតជុំបន្ទាប់ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅលើទឹកដីនៃប្រទេសប្រេស៊ីល នាដើមខែសីហា ឆ្នាំ២០១៦បន្ដទៀត។ ប៉ុន្ដែលោកថា នេះជាលើកទី១ហើយ ដែលអត្តពលិកកម្ពុជា បានឆ្លងផុតការប្រកួតជម្រុះបែបនេះ ខណៈកន្លងមក កម្ពុជា ធ្លាប់តែទទួលបានការអញ្ជើញទៅចូលរួម ប្រកួតកីឡាអូឡាំពិក តែមិនធ្លាប់ជាប់ការប្រកួតជម្រុះនោះទេ។
ក្នុងនាមថ្នាក់ដឹកនាំកីឡាកម្ពុជា អគ្គលេខាធិការ NOCC រូបនេះ បានស្នើរឲ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមអបអរសាទរ ជាមួយនឹងជ័យជម្នះរបស់វីរៈនារី ស៊ន សៀវម៉ី ដែលធ្លាប់កសាងប្រវត្តិដណ្ដើមបានមេដាយមាស កីឡាអាស៊ី លើកទី១៧ ម្ដងហើយនោះ ឥលូវបានកសាងប្រវត្តិសាស្ដ្រថ្មីម្ដងទៀត ដើម្បីឈានទៅប្រកួតប្រជែងដណ្ដើមយកមេដាយកីឡាអូឡាំពិកជូនប្រទេសជាតិកម្ពុជា នៅខែសីហា ឆ្នាំ២០១៦ខាងមុខ។
គួរបញ្ជាក់ថា បេសកកម្មចូលរួមប្រកួតជម្រុះកីឡាអូឡាំពិក រដូវក្ដៅ ផ្នែកកីឡាតេក្វាន់ដូនេះ កម្ពុជា បានបញ្ជូនកីឡាការិនី ២រូបប៉ុណ្ណោះ ទៅចូលរួម គឺកញ្ញា ស៊ន សៀវម៉ី និងកីឡាការិនី ឈឿង ពុទ្ធារីម។ ប៉ុន្ដែ ឈឿង ពុទ្ធារីម នឹងធ្វើការប្រកួតនៅថ្ងៃទី១៧ ខែមេសាស្អែកនេះ ដើម្បីប្រជែងយកកៅអីបន្ដដំណើរទៅប្រកួត ជុំបន្ទាប់ដូចកីឡាការិនី ស៊ន សៀវម៉ី ដែរ។ លើសពីនេះកីឡាការិនីតំណាងប្រទេសកម្ពុជា ទាំង២រូប ក៏មានកាតព្វកិច្ចត្រូវចូលរួមប្រកួតជើងឯកអាស៊ី នៅថ្ងៃទី១៨-១៩ ខែមេសា បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះកីឡាអូឡាំពិកនេះផងដែរ ដែលដឹកនាំដោយគ្រូបង្វឹកលោក ឆយ យ៉ុងសុក។
អ្វីដែលរឹតតែអស្ចារ្យទៀតនោះ នៅមុនពេលពួកគេចេញដំណើរទៅប្រកួតនៅហ្វីលីពីន រដ្ឋមន្ដ្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ក៏ធ្លាប់បានសន្យាថា ប្រសិនបើពួកគេដណ្ដើមបានមេដាយ ពីព្រឹត្តិការណ៍សំខាន់ៗទាំង ២ខាងលើ លោកនឹងស្នើរឲ្យមានប្រាក់រង្វាន់លើកទឹកចិត្តយ៉ាងពិសេស សម្រាប់កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជាទាំង ២រូបទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី