CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាយការពិត ISIS កាត់ក្បាល, វាយបំបាក់ជើង, និងធ្វើទណ្ឌកម្ម​ជាច្រើនទៀត​ លើជនស៊ីវិលនៅម៉ូស៊ូល

(បាកដាដ)៖ ស្របពេលដែល​កងកម្លាំងរដ្ឋាភិបាល​អ៊ីរ៉ាក់​ ជួយគាំទ្រ​ដោយសហរដ្ឋអាមេរិកកំពុងតែ​វាយលុក​ចូលកាន់​តែជ្រៅ​ទៅក្នុងតំបន់​កាន់​កាប់​ដោយក្រុម​សកម្មប្រយុទ្ធ ISIS នៅទីក្រុង​ម៉ូស៊ូល ប្រជាជន​ស៊ីវិល​រាប់ពាន់​នាក់​ ដែលត្រូវបាន​បង្ខំ​ឲ្យរត់ភៀស​ខ្លួន​ពីផ្ទះសម្បែង​នៅចំពោះ​មុខអំពើ​ហិង្សា​កាន់តែសាហាវ​ឃោឃៅ​ឡើងពីមួយ​ថ្ងៃទៅមួយ​ថ្ងៃនោះ បានរៀបរាប់​ប្រាប់អំពី​ទុកវេទនា​ និងទិដ្ឋភាព​ដ៏គួរ​ឲ្យ​សោក​​សង្រេងនៃ​ទីក្រុង​​កំណើត​របស់​ពួកគេ​ទៅកាន់​ក្រុមអ្នក​សារព័ត៌មាន នៅឯជំរុំជន​ភៀសខ្លួន​មួយកន្លែង​ដែលកំពុងប្រឈម​នឹងបញ្ហាណែន​តាន់តាប់។ នេះ​បើ​តាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន​រុស្ស៊ី Russia Today (RT) នៅមុននេះ​បន្តិចនារសៀល​ថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។

បណ្តាជន​ភៀសខ្លួននៃ​ទីក្រុងម៉ូស៊ូល​បាននិយាយប្រាប់​ក្រុមអ្នក​សារព័ត៌មាន RT ថា​ សមរភូមិប្រយុទ្ធ​ដ៏ក្តៅគគុក​ដែលបាន​ និងកំពុងបន្ត​​ប្រព្រឹត្ត​ទៅនៅក្នុង​ទីក្រុងម៉ូស៊ូល បង្ហាញអំពីភាពអមនុស្សធម៌​នៃភាគី​ទាំងសងខាង ដោយខណៈ​ក្រុម ISIS បានចាប់​បង្ខំ​ប្រជាជន​​ស្លូត​ត្រង់​យក​​មក​​ធ្វើជាខែល​ការពារខ្លួន និងបាន​ប្រើអំពើហិង្សា​ដ៏សាហាវផ្សេងៗ​ទៀត​ ដើម្បីរារាំង​ជនស៊ីវិល​មិនឲ្យរត់​គេចចេញពី​ទីក្រុងនោះ កងទ័ព​​អ៊ីរ៉ាក់​និងសម្ព័ន្ធមិត្ត​ថែមទាំងមិន​សូវជារវីរវល់ ក្នុងការជួយ​ការរត់ភៀស​ខ្លួនរបស់ពួកគេ​ឡើយ។

យោងតាមជនភៀស​ខ្លួនដែលបាន​ចាកចេញពីទីក្រុង​ដ៏ធំទីពីរ​នៃប្រទេសអ៊ីរ៉ាក់​បានឲ្យដឹង​ដូច្នេះថា «ក្រុម ISIS បានចាប់​ផ្តើមបំបាក់ជើង​មនុស្ស​មិនថា​ប្រុស មិនថាស្រីនោះឡើយ ដើម្បីបញ្ឈប់​ពួកគេមិនឲ្យ​រត់ចេញពី​ទីក្រុង។ នៅពេល​ដែលពួកយើង​បានរត់ភៀសខ្លួន​ពីក្រុងម៉ូស៊ូល មាន​ស្រ្តីនិង​ក្មេងតូចម្នាក់​នៅជាមួយ​ពួកយើង តែជា​អកុសល្យក្មេងនោះ​បានធ្លាក់ចូល​ទៅក្នុងទន្លេ​ នឹងត្រូវ​បានចរន្តទឹកហូរ​គួចយក​ទៅបាត់ ហើយ​​គ្មាននរណា​ម្នាក់ឈប់នោះ​ឡើយ ដោយមនុស្ស​គ្រប់គ្នាគិតតែ​ពីរត់»។ យ៉ាងណាមិញ​អ្នកដែល​បានរត់គេច​ខ្លួនរួច ឥឡូវនេះ​កំពុងតែមានការ​ភ័យខ្លាចអំពីជោគវាសនា​របស់សាច់ញាតិ​ក៏ដូចជាមិត្តភក្តិ​របស់ពួកគេ ដែលស្ថិត​នៅក្នុងចំណោម​ប្រជាជនរាប់ម៉ឺននាក់​ទៀត​បន្ត​ជាប់នៅ​ក្នុង​​ទី​ក្រុមម៉ូស៊ូល។

ជាមួយគ្នានេះ​ជនភៀសខ្លួន​ម្នាក់ទៀត​ក៏បានរៀបរាប់​ផងដែរថា «បើសិនជា​នរណាម្នាក់​ព្យាយាម​រត់គេចខ្លួន ក្រុម ISIS នឹងកាត់ក្បាល​របស់​ពួកគេ​ដោយឥតស្ទាក់ស្ទើរ​នោះឡើយ ហើយបើ​អ្នកសំណាងល្អ​អាចគេចខ្លួន​ចេញផុតវិញ​នោះ ពួកសកម្មប្រយុទ្ធ​ទាំងនោះ​នឹងដុតបំផ្លាញ​លំនៅឋាន​និងធ្វើបាបសាច់​ញាតិរបស់អ្នក»

ដោយឡែកជនស៊ីវិល​ក្នុងទីក្រុងម៉ូស៊ូល​មិនត្រឹមតែ​កំពុងព្យាយាម​រត់គេចខ្លួនពីក្រុម ISIS តែមួយមុខ​ប៉ុណ្ណោះ​ទេ។ យោងតាម​ប្រភព​មួយ​ចំនួន កងទ័ព​រដ្ឋាភិបាលអ៊ីរ៉ាក់​ និងកងកម្លាំង​ចម្រុះដឹកនាំ​ដោយ​អាមេរិក បាននិងកំពុង​ធ្វើការវាយប្រហារ​តាមផ្លូវការ​ និងកាំភ្លើងធំ​នៅលើក្រុម ISIS ដោយមិនខ្វល់​ពីវត្តមាន​របស់ប្រជាជន​ស្លូតត្រង់​នៅក្នុងតំបន់អ្វី​បន្តិចនោះ​ឡើយ។ ជនភៀសខ្លួន​ម្នាក់បាន​អះអាងថា «ការវាយប្រហារ​តាម​ផ្លូវ​​អាកាស​ពុំបានធ្វើឡើង​លើប្រជាជន​ស៊ីវិលតែ​ឯងទេ ប៉ុន្តែនៅពេលដែល​អ្នកប្រយុទ្ធ ISIS ស្ថិតនៅ​ក្នុងចំណោម​ ឬក្បែរពួកយើង កងយន្តហោះ​​​ចម្បាំង​ នឹងទម្លាក់​គ្រាប់បែកដោយទាំងពួកយើង​ទៅជាមួយ​ផងដែរ»។

គួរបញ្ជាក់ថា​មនុស្សរាប់ពាន់នាក់​បានបាត់បង់ជីវិត​ព្រមទាំង​រងរបួស នៅក្នុងការ​ប្រយុទ្ធគ្នា​នៅក្នុងទីក្រុង​ម៉ូស៊ូល គិតចាប់តាំងពី​យោធាអ៊ីរ៉ាក់​និងកងកម្លាំង​ចម្រុះគាំទ្រ​ដោយ​សហរដ្ឋអាមេរិក បានចាប់​ផ្តើមប្រតិបត្តិការ​ទ្រង់ទ្រាយធំ​ដើម្បីវាយរំដោះ​យកទីក្រុងនេះ ចេញពី​កណ្តាប់ដៃ​​របស់ក្រុម​ភេរវករ ISIS កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ហើយមកទល់​ពេលនេះ​កម្លាំងចម្រុះនេះ​បានវាយដណ្តើម​យកតំបន់​ភាគខាងកើត​នៃទីក្រុង​មកវិញ​ហើយ និងកំពុងតែ​បន្តវាយលុក​ទៅភាគលិច​ដែលកំពុងបន្ត​ស្ថិតក្រោមការ​គ្រប់គ្រង​របស់ ISIS នៅឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: ISIS Int news Hot news Breaking news