(ភ្នំពេញ)៖ស្របពេលដែលច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បាននឹងកំពុងដាក់ឲ្យអនុវត្ត សម្រាប់ដើមឆ្នាំ២០១៦ហើយ ត្រូវបានប្រជាពលរដ្ឋភាគច្រើន បង្ហាញក្តីព្រួយការម្មណ៍ និងរិះគន់ចំពោះមាត្រាមួយចំនួននោះ ប្រធានសមាគមន៍សិល្បករខ្មែរ លោក សុះ ម៉ាច បានសរសេលើកឡើង នៅលើហ្វេសប៊ុកខ្លួនថា «សូមសរសើររដ្ឋាភិបាលចែង និងអនុវត្តច្បាប់ចរាចរថ្មី ទោះបីបានផលវិជ្ជមាន និងអវិជ្ជមានក៏ដោយ ថ្មីៗនេះគឺល្បាញល្បីគ្រប់ទិសទី ទូទាំងប្រទេសជា ពិសេសក្នុងបណ្តាញ សង្គមFACEBOOK និងសារព័ត៌មានខ្លះៗ ព្រោះថា ទាំងប្រជាពលរដ្ឋ សិស្ស និស្សិត មន្ត្រីរាជការ នរណាៗ ក៏គេនិយាយពីរឿងហ្នឹងដែរ អាចនិយាយបានថា ពិតជាល្បីសម្រាប់ពេលបើកទំព័រសករាជថ្មី ដើមឆ្នាំ២០១៦នេះតែម្តង»។
សោក សុះ ម៉ាច បានបញ្ជាក់ថា«សូម្បីតែខ្សែភាពយន្តបរទេស ភាពយន្តខ្មែរ បទចម្រៀង ក៏មិនអាចដណ្តើមយកប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍ ជាងច្បាប់ចរាចរថ្មីនេះដែរ! ជាទស្សនខ្ញុំផ្ទាល់ ខ្ញុំគាំទ្រក្នុងការបង្កើតច្បាប់ តែក៏គួរពិនិត្យពិចារណា ទៅតាមមាត្រាខ្លះ ឲ្យសមស្របទៅតាមកាលៈទេសៈ កម្រិតជីវភាពរួមទាំង ចំណេះដឹងច្បាប់ចរាចររបស់ប្រជាពលរដ្ឋសព្វថ្ងៃនេះផង! យ៉ាងហោចណាស់ ក៏យកត្រឹមច្បាប់ប្រទេសជិតខាង ក្នុងអាស៊ីយើងមកសិក្សា និងអនុវត្តជាមុនសិនទៅ បើអនុវត្តបែបគំហុកអ៊ីចឹងនោះ វាមិនបានផលល្អទាំងអស់នោះទេ ត្រូវធ្វើមួយជំហានៗ »។
ប្រធានសមាគមន៍រូបនេះ បានបន្តថា« ហើយងាកមកកសាង និងពង្រីកផ្លូវឲ្យបានច្រើន និងទូលាយបែងចែកផ្លូវឡាន និងម៉ូតូឲ្យដាច់ពីគ្នា កំណត់ល្បឿនទៅតាមទីប្រជុំជន តំបន់នានាយានយន្តគ្រប់ប្រភេទ ត្រូវសមស្របទៅតាមស្តង់ដារ នៃច្បាប់ហើយយានយន្តតូចធំ គ្រប់ប្រភេទទាំងអស់ គួរបំពាក់ឧបករណ៍ឲ្យបានត្រឹមត្រូវ សំខាន់បំផុត គឺអប់រំផ្សព្វផ្សាយ បង្កើនចំណេះដឹង រឹតបន្តឹងច្បាប់ដល់អ្នកបើកបរទាំងអស់ ឲ្យកាន់តែយល់ច្បាស់ និងគោរពជាមុនសិន ទើបប្រសើរជាង។ វានឹងអាចកាត់បន្ថយគ្រោះថ្នាក់ ចរាចរបានប្រសើរជាងនេះ »។
«សូមទោសផងបើមានខុសឆ្គង! នេះគ្រាន់តែជាយោបល់បន្តិចបន្តួច គ្រាន់ជួយរួមចំណែកក្នុងសង្គមប៉ុណ្ណោះ!! យី!ភ្លេចខ្លួនឯងមិនមែនបណ្ឌិតផង ចេះដឹងចេញយោបល់អីដែរ»។ នេះជាការលើកឡើងបន្ថែមពីសំណាក់លោក សុះ ម៉ាច ជុំវិញការអនុវត្តច្បាប់ចរាចរណ៍ថ្មី៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី