(សៀមរាប)៖ ទូរស័ព្ទ iPhone 6s និង iPhone 6s Plus ជិត ៥០០គ្រឿង ត្រូវបានកម្លាំងគយ និងរដ្ឋាករប្រចាំច្រកព្រលានយន្ត ហោះអន្តរជាតិខេត្តសៀមរាប ស្ទាក់ចាប់បានពេលក្រុមឈ្មួញកំពុងលួចនាំចូលពីប្រទេសហុងកុង និងសិង្ហបុរី នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ។
មន្រ្តីការិយាល័យគយ និងរដ្ឋាករប្រចាំព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានឲ្យ Fresh News ដឹងថា ទូរស័ព្ទទាំង ៤៩៧គ្រឿង នេះ ត្រូវបាននាំចូលដោយឈ្មួញឈ្មោះ ភិន រស្មី ចំនួន៧វ៉ាលិស និង ឈ្មោះ ង៉ូវ ធៀងហុង ចំនួន៤វ៉ាលិស។ មន្រ្តីបានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីចាប់ទូរស័ព្ទ iPhone 6s និង 6s Plus ជិត៥០០គ្រឿង នៅព្រលានយន្តហោះសៀមរាបនេះ មានស្រ្តីម្នាក់ជាថៅកែធំ ហើយសមត្ថកិច្ចកំពុងតាមចាប់។
ការរឹបអូសយកទូរស័ព្ទដៃទាំងនេះ ដោយសារឈ្មួញទាំងពីរនាក់ មិនបានរាយការណ៍ដល់មន្រ្តីគយ និងរដ្ឋាការប្រចាំនៅការិយា ល័យត្រួតពិនិត្យគយអាកាសយាន ដ្ឋានអន្តរជាតិខេត្តសៀមរាបនោះឡើយ។ ទំនិញទូរស័ព្ទស្មាត់ហ្វូនទាំងអស់ ត្រូវបានរឹបអូស យកទៅរក្សាទុក ដោយមានបិទត្រាគយ និង ស្នាមមេដៃ របស់ម្ចាស់ទំនិញយ៉ាងត្រឹមត្រូវ។
សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយកម្លាំងគយ និងរដ្ឋាករកម្ពុជា ប្រចាំនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និង ព្រលាន យន្តហោះខេត្តសៀមរាប បានស្ទាក់ចាប់បានទូរស័ព្ទរបស់ឈ្មួញនាំចូលមិនបង់ពន្ធជាញឹកញាប់ផងដែរ។ (រូបស្ត្រីខាងក្រោមនេះគឺជាថៅកែធំ ពាក់ព័ន្ធនឹងការរត់ពន្ធទូរស័ព្ទគេចពន្ធទាំងនេះ)៕