CamNews

ព័ត៌មានអន្តរជាតិ 

ថ្លើមធំហ៊ាន​ប្រមាថស្តេចថៃ អតីតមន្រ្តីរាជវាំង ត្រូវដេញចេញពីតំណែង និងជាប់គុក ៥ឆ្នាំកន្លះ

(បាងកក)៖ អតីតមន្រ្តី​ផ្តល់ប្រឹក្សាផ្នែក​វេជ្ជសាស្រ្តម្នាក់​ប្រចាំនៅ​ព្រះរាជវាំងថៃ ត្រូវបានកាត់ទោស​ឲ្យជាប់​ពន្ធនាគា​រ​​រយៈ​ពេល​០៥ឆ្នាំ​ ​និង​០៦​ខែ ដោយ​សារ​តែ​ថ្លើមធំហ៊ាន​ប្រមាថ​មើលងាយ​លើលទ្ធិរាជាធិបតេយ្យ និងបទចោទប្រកាន់​មួយចំនួន​ផ្សេងទៀត។ នេះបើតាម​ការ​ដកស្រង់​​ការ​​​ផ្សាយ​ចេញ​ពី​​សារ​ព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចព្រឹក​ថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧។


លោក Sutin Sappuang មេបញ្ជាការ​ប៉ូលិស​នៃអគ្គភាព​បង្រ្កាបបទ​ល្មើស​បានឲ្យដឹងថា អតីតមន្រ្តីប្រចាំ​រាជវាំង លោក Chitpong Thongkum បានសារភាពទោសចំពោះបទបរិហារកេរ្តិ៍​ព្រះ​រាជ​វង្ស​ ព្រម​ទាំង​​បទ​ចោទ​ប្រកាន់​​ចំនួន​បួន​ផ្សេង​ទៀត​​​នៅ​ថ្ងៃ​សុក្រ​​សប្តាហ៍នេះ ហើយ​​ត្រូវ​​​បាន​​ផ្តន្ទា​ទោស​​ឲ្យ​ជាប់​ពន្ធ​នា​គារ​​ដោយ​តុលាការ​យោធា។ យោងតាម​លោក Sutin ការវិនិច្ឆ័យ​ទោស​របស់លោក Chitpong ត្រូវ​​បាន​​បន្ធូរ​​បន្ថយ​​​ពាក់​កណ្តាល​ពី​រយៈពេល​១១ឆ្នាំ ដោយសារ​តែ​ការសារភាព​កំហុស​របស់លោក ប៉ុន្តែលោក Sutin មិនបាន​បញ្ជាក់​​លម្អិត​ពី​បទ​ចោទ​​ប្រកាន់​​​ទាំងនោះ​ឲ្យប្រាកដ​នោះឡើយ។

គួរបញ្ជាក់ថា​លោក Chitpong ដែលមានតួនាទីជា​មន្រ្តីផ្តល់​ប្រឹក្សា​ផ្នែកវេជ្ជសាស្រ្ត​របស់ព្រះមហាក្សត្រថៃ​ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន​ កាល​ពី​ពេល​​ដែល​​ព្រះអង្គ​នៅត្រឹមជា​ព្រះរាជបុត្រ​ស្នងរាជ្យ​នៅឡើយ​នោះ ត្រូវបាន​បណ្តេញ​ចេញពីមុខតំណែង​កាលពី​ខែកុម្ភៈកន្លង​ទៅនេះ ហើយ​ថែមទាំង​ត្រូវបាន​ដកហូតបុណ្យ​សក្តិជាមន្រ្តីយោធា​ទៀតផង។

រដ្ឋាភិបាលថៃ​បានឲ្យដឹងថា​បទល្មើសរបស់លោក Chitpong រួមមានការ​យក​ទំនាក់​ទំនង​​ជិត​ស្និទ្ធ​​ជាមួយ​ព្រះរាជា​​ទៅ​ប្រើ​ធ្វើ​​ជា​ឈ្នាន់ ​ដើម្បី​កេង​​ចំណេញ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន, ការធ្វើឲ្យបែកធ្លាយ​កំណត់ត្រាផ្នែក​វេជ្ជ​សាស្រ្ត​របស់ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន, ការ​ប្រកាន់​​អាកប្ប​កិរិយា​​ដែល​ព្រះមហាក្សត្រ​មិនអាចជឿទុកចិត្ត​បាន, និងបង្កការខូចខាត​ធ្ងន់ធ្ងរ​ខណៈពេល​កំពុងបំពេញ​តួនាទី។ ច្បាប់ការពារ​ព្រះមហាក្សត្រ​ដ៏សែនតឹងរ៉ឹង​របស់ប្រទេស​ថៃ បានចាត់ទុក​ការបរិហារកេរ្តិ៍ ការប្រមាថ​មើលងាយ និងការគំរាមកំហែង ព្រះរាជា ព្រះមហាក្សត្រី និងព្រះរាជ​ទាយាទ និងមួយក៏ស្តេច​រាជានុសិទ្ធ ជាបទឧក្រិដ្ឋ​មិនអាចលើកលែងឲ្យបាន ហើយបទល្មើស​នីមួយៗប្រឈមនឹង​ការជាប់ពន្ធនាគារ​រហូត​ដល់​ទៅ១៥ឆ្នាំ៕



ប្រភព ៖ CNA


Tags: Thai Thailand Bangkok Int news