(វ៉ាស៊ីនតោន)៖ សារធាតុគីមីគ្រោះថ្នាក់ ក្នុងចំនួនដ៏ច្រើនលើសលប់ បានលេចធ្លាយចេញពីខ្សែរថភ្លើងមួយ ដែលបានរអិលធ្លាក់ចេញពីផ្លូវនៅភាគឦសាននៃរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប៉ុន្តែគេនៅមិនទាន់ដឹងពីផលប៉ះពាល់ជារួម ឬក៏មនុស្សប៉ុន្មាននាក់រងគ្រោះនោះទេ។ នេះបើតាម ការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ ២០១៦។
ឧប្បដិហេតុខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៦៖៤០នាទីព្រឹក ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន ដោយក្នុងនោះរថភ្លើងបានដឹកសារធាតុ សូដ្យូម អ៊ីដ្រុកស៊ីត ដែលជាសារធាតុគីមីពុលមួយ ដ៏គ្រោះថ្នាក់ដល់បរិស្ថាន និង ជីវិតមនុស្ស ជាពិសេសគឺវាអាចបំពុលទឹកតែម្តង។ ប្រជាជនដែលរស់នៅក្បែរកន្លែងកើតហេតុ ត្រូវបានអាជ្ញាធរប្រាប់ឲ្យជម្លៀសចេញពីទីនោះជាបណ្តោះអាសន្ន ដើម្បីរង់ចាំការត្រួតពិនិត្យ និងសម្អាតកាកសំណល់ពីក្រុមជំនាញជាមុនសិន។
គួរបញ្ជាក់ថារថភ្លើងខាងលើនេះ បានធ្វើដំណើរពីរដ្ឋ Maryland ទៅ North Carolina ហើយគ្រោះថ្នាក់ក៏បានកើតឡើងពេលទៅដល់ ភាគឦសានទីក្រុងវ៉ាស៊ីនតោន។ រថភ្លើងនេះ ជារបស់ក្រុមហ៊ុន CSX បានដឹកជញ្ជូនរថយន្តសរុប ១៧៥គ្រឿង ក្នុងនោះមាន ៩៤គ្រឿងមាន ផ្ទុកទំនិញ និង ៨១គ្រឿងទៀតជារថយន្តទទេ។ សម្រាប់មូលហេតុ ដែលនាំឲ្យកើតមានគ្រោះថ្នាក់នេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី