CamNews

ព័ត៌មានជាតិ 

មេចោរប្លន់អាជីវករលក់មាស នៅផ្សារថ្មីអន្លង់វែង ត្រូវចាប់ខ្លួន នៅខេត្តកំពង់ចាម ក្រោយគេចខ្លួន១ឆ្នាំ៣ថ្ងៃ

(កំពង់ចាម-ឧត្តរមានជ័យ)៖ មេចោរប្លន់ប្រដាប់អាវុធម្នាក់ ដែលដឹកនាំ និងចូលរួមប្លន់ អាជីវករលក់មាស នៅផ្សារថ្មីអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីមួយឆ្នាំមុននោះ ត្រូវបានកម្លាំង នគរបាលខេត្តទាំង២ (​កំពង់​ចាម និងឧត្តរមានជ័យ) តាមស្រាវជ្រាវ រហូតឈានទៅដល់ការចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅ ភូមិភ្នំមន្ទីរ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាទីកន្លែងដែល ជននេះបានសម្ងំលាក់ខ្លួន។

ប្រតិបត្តិការតាមចាប់ខ្លួន មេចោរប្លន់ប្រដាប់អាវុធរូបនេះ ក៏បានធ្វើឡើងតាមដីកា បង្គាប់ឲ្យចាប់ខ្លួន​លេខ​០៣៩ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ របស់លោក អ៊ន ប៊ុនលី ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តឧត្តរមានជ័យផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥កន្លងទៅ មានករណីចូលប្លន់មាស ពីក្រុមអាជីវករ នៅផ្សារថ្មីអន្លង់វែង ស្ថិតនៅភូមិអូរជញៀន ឃុំ-ស្រុកអន្លង់វែង ឧត្តរមានជ័យ ហើយក្រុមចោរទាំងនេះ បានរត់គេចខ្លួន រហូតមកដល់ថ្ងៃនេះ ត្រូវបានចាប់ខ្លួនតែម្តង។

មន្រ្តីនគរបាល ខេត្តឧត្តរមានជ័យ បានថ្លែងថា មេចោរប្លន់ រូបនេះមានឈ្មោះ ណត វុទ្ធី  ហៅធីខ្វេ អាយុ​៣៥ ​ឆ្នាំ រស់នៅភូមិកណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងអធិការដ្ឋាន នគរបាលស្រុកអន្លង់វែង សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ ខេត្តកំពង់​ចាម ក្រោមការបញ្ជាផ្ទាល់ពី សំណាក់ស្នងការទាំង២ខេត្ត តាមចាប់ខ្លួន ក្រោយពីបើកការស្រាវជ្រាវ អស់​រយៈជាយូរមកនោះ។

មន្រ្តីនគរបាល បានបញ្ជាក់ថា ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធខាងលើនេះ ក្រោយពេលធ្វើសកម្មភាពប្លន់ អស់រយៈពេល ជាង៣ខែ ពោលនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សូ ហំ អាយុ៤១ឆ្នាំ រស់នៅ ភូមិសែនមនោរម្យ១ ឃុំ​គោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត និងត្រូវបានចៅក្រមសម្រេច​ដាក់ពន្ធនាគារផងដែរ។

ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ផងដែរថា សម្រាប់បទល្មើសប្លន់នៅក្នុងខេត្តកំពង់ចាម មិនត្រឹមទប់ស្កាត់កុំឲ្យកើតមាននោះទេ ប៉ុន្តែសម្រាប់ជនប្រដាប់អាវុធ ដែលប្លន់នៅខេត្តដទៃ ហើយមកសម្ងំខ្លួននៅខេត្តកំពង់ចាម នោះក៏មិនឲ្យរួចខ្លួនផងដែរ ពោលដីខេត្តកំពង់ចាម មិនអនុញ្ញាតឲ្យជនទាំងនេះ មកលាក់ខ្លួនពួនអាត្មាបាននោះទេ៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី


Tags: Cambodia Social News Kampong Cham