(ឌូបៃ)៖ អគារកម្ពស់ ៧៥ជាន់ឈ្មោះថា Sufala Tower ក្នុងទីក្រុងឌូបៃរបស់ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម បានឆាបឆេះនៅជាន់ទី៣៥ បណ្តាលឲ្យអ្នក នៅលើអគារទាំងអស់ នាំគ្នាជម្លៀសខ្លួនចេញ ស្ទើរតែមិនទាន់។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០១៦។
តាមសម្តីរបស់លោក Sheikh Mohammed bin Rashid Al-Maktous អភិបាលក្រុងឌូបៃ បានបង្ហោះ ក្នុងបណ្តាញសង្គម Tweeter របស់លោកថា អគ្គីភ័យបានរលត់ទៅវិញ ក្រោយពីការព្យាយាមពន្លត់អស់ ៣ម៉ោងពីសំណាក់ក្រុមពន្លត់រាប់រយនាក់។ ភ្លាមៗបែបនេះ គេនៅមិនទាន់ទទួលព័ត៌មានលម្អិត ពីចំនួនមនុស្សដែលរងគ្រោះថ្នាក់របួស ឬក៏អាចស្លាប់នោះទេ។
អគារខាងលើនេះមានកម្ពស់ ២៨៥ម៉ែត្រ ហើយមូលហេតុនៃការឆាបឆេះទាំងកណ្តាលថ្ងៃ ពេលវេលានៅមជ្ឈិមបូព៌ានោះ នៅមិនទាន់មានការបញ្ជាក់នោះទេ ប៉ុន្តែការឆេះបានរីករាលដាលខ្លាំង ក៏ដោយសារតែ អាកាសធាតុក្តៅរហូតដល់ជាង ៤០អង្សាសេ រួមនឹងខ្យល់បោកបក់ខ្លាំងថែមទៀត៕
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី