ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេងធ្មេញជំពើស សាច់សខ្ចីសម្ដីស្រទន់បង្កប់ ទៅដោយមន្តស្នេហ៍
កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា បន្ទាប់ពីបានដំណែងជា កញ្ញាឯកទេសចរណ៍ឆ្នាំ២០០៨ មកនោះ ត្រូវ
បានបណ្តាម្ចាស់ ផលិតកម្មជាច្រើន ទាក់ទងហៅ ថតសម្តែងខ្សែភាពយន្ត ចម្រៀងកាយវិការ
ខារ៉ាអូខេ និង ការដើរម៉ូដ ជាហូរហែ។ ជាងនេះទៅទៀត កេរ្តិ៍ឈ្មោះ និងសន្ទុះនៃការគាំទ្ររបស់
នាង មួយរយៈនេះហាក់កំពុងតែ ឈានឡើងគួរឲ្យគត់សម្គាល់។
ស្របពេលដែលកេរ្តិ៍ឈ្មោះល្បី ប្រជាប្រិយភាពកាន់តែលេចធ្លោ បូករួមជាមួយរូបសម្រស់ក៏ កាន់
តែស្រស់ស្អាតឡើងៗនោះបាន ធ្វើឲ្យក្រុមហ្វូងកន្លង់ជាច្រើន មានការឈ្លក់វង្វេង តាមចោមរោម
ចាប់ចិត្តប្រតិព័ទ្ធសារភាព សេចក្តីស្រលាញ់មកលើ តារាម៉ូឌែលញញឹមស្រស់ ពេជ្រ សុវណ្ណវិជ្ជរ៉ា
ជាច្រើននាក់។ ប៉ុន្តែគួរឲ្យសោកស្តាយ ដោយហេតុថា វិជ្ជរ៉ា ឆ្លើយបដិសេធមិនព្រម ទទួលយក
សំណើរ សុំស្អំបេះខុសបែបផែននេះទេ។
ឆ្លើយឆ្លងជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ នេះ
តារាសម្តែង និង ជាតារាបង្ហាញម៉ូដស្រស់សោភា កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា បានប្រាប់ដឹងថា បើ
និយាយពីការងារ សិល្បៈរាល់ថ្ងៃនេះ គឺមានការរវល់ជាខ្លាំង ដោយមួយរយៈនេះ ត្រូវដើរម៉ូដនៅ
តាម ស្ថានីយទូរទស្សន៍ និង ការថតឈុតកាយវិការ ខារ៉ាអូខេឲ្យបណ្តា ផលិតកម្មផ្សងៗជាច្រើន។
ដោយឡែកចំពោះរឿង ជិវិតឯកជនផ្ទាល់ខ្លួន ត្រូវបានកញ្ញាឯកទេសចរណ៍ ប្រចាំឆ្នាំ២០០៨ កញ្ញា
ពេជ្រ សុវណ្ណវិជ្ជរ៉ា បានប្រាប់ ដោយមិនមាន ការលាក់លៀមថា "ចាស់...បង! បើខ្ញុំនិយាយប្រាប់
បងថា គ្មានអ្នកស្រលាញ់ ក៏បងមិនជឿដែរ ។ ដូច្នេះមានតែនិយាយ ប្រាប់បងដោយត្រង់ទៅថា
សព្វថ្ងៃនេះ គឺមានច្រើនអ្នកដែល តាមស្រលាញ់ខ្ញុំ មានទាំងអ្នករស់នៅក្នុងស្រុក និង ក្រៅស្រុក។
ប៉ុន្តែពេលនេះ ខ្ញុំមិនទាន់គិតគូរ ទៅលើរឿងនេះនៅ ឡើយទេបង..!"។
តារាស្រីវ័យ១៨ ឆ្នាំ ប្រៀបបីដូចជាបុប្ផាក្រពុំ ចោលក្លិនបញ្ច្រាសខ្យល់ ពេជ្រ សុវណ្ណវិជ្ជរ៉ា បានបន្ត
ថា "ខ្ញុំអត់ទាន់គិតទេ រឿងនេះ ព្រោះ ខ្ញុំនៅក្មេង។ ម្យ៉ាងទៀត គ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីគិត
គូដល់រឿងស្នេហានេះទេ ..។ ខ្ញុំចង់នៅសប្បាយ និង មានសេរីភាពសិន។ បើនិយាយឲ្យ ចំទៅបេះ
ដូងខ្ញុំ អត់ទាន់មានពាក់ព័ន្ធ ជាមួយបុរសណាម្នាក់ទេ"។
ទាក់ទងនឹងការជ្រើសរើសគូអនាគតវិញ ត្រូវបាន កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ប្រាប់ឲ្យដឹងថានាងមិន
ហ៊ានសម្រេច តែខ្លួនឯងម្នាក់នោះទេ គឺសម្រេចតាម ម៉ាក់ ប៉ា ជាអ្នកទុកដាក់ ព្រោះថា ពួកគាត់ជា
អ្នកមានគុណ ដូច្នេះកញ្ញាត្រូវតែតាមពួកគាត់ដែលជាអ្នករៀបចំ និងទុកដាក់ឲ្យនាងមិនតូចចិត្តទេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល