(ហាណូយ)៖ យន្តហោះ CASA របស់វៀតណាម ត្រូវបានក្រុមសង្គ្រោះរកឃើញហើយ ជាមួយនឹងសាកសព ០៩នាក់ បន្ទាប់ពីវាបាន បាត់ដំណឹងទៅ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ក្នុងបេសកកម្មស្វែងរកយន្តហោះចម្បាំងមួយគ្រឿងទៀត គឺ SU-30 fighter jet ដែលបាន បាត់ដំណឹង តាំងពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០១៦។
បំណែកយន្តហោះ ដែលត្រូវបានក្រុមសង្គ្រោះនៃកងទ័ពអាកាសវៀតណាមរកឃើញនោះ មានដូចជា កង់យន្តហោះ, កៅអី, កាបូប, និង គ្រឿងសម្ភារៈមួយចំនួនទៀត ដែលត្រូវបានគេស្រង់ចេញពីក្នុងដែនសមុទ្រ Bach Long Vi នៃទីក្រុង Hai Phong ភាគខាងជើងប្រទេស វៀតណាម ដែលមានចម្ងាយ ៩០គីឡូម៉ែត្រពីរដ្ឋធានីហាណូយ។
គួរបញ្ជាក់ថា យន្តហោះ CASA ខាងលើនេះ បានបាត់ទំនាក់ទំនងពីប្រព័ន្ធរ៉ាដា កាលពីពេលរសៀលថ្ងៃព្រហស្បតិ៍ ពេលវាធ្វើដំណើរឆ្លង កាត់ដែនទឹក Bach Long Vi។ ដោយឡែក យន្តហោះ SU-30 fighter jet ក៏នៅមិនទាន់ ត្រូវបានរកឃើញនៅឡើយដែរជាមួយនឹងពីឡុត ដែលបញ្ជានៅលើនោះចំនួនពីរនាក់ ប៉ុន្តែផ្នែកទ័ពអាកាស បានសង្ស័យថាយន្តហោះនោះ ទំនងជាបានធ្លាក់ក្នុងសមុទ្របាត់ទៅហើយ៕
-អាន ៖ ស្រង់បានបំណែកយន្តហោះ CASA របស់វៀតណាម ដែលបានធ្លាក់ពេលស្វែងរកយន្ដហោះ Su-30
ប្រភព ៖ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី