CamNews

ព័ត៌មានអន្តរជាតិ 

ជនជាតិម៉ាយ៉ាន ថា ២១-១២-១២ មិនមែនជា ថ្ងៃពិភពលោក ត្រូវរលាយទេ

មិកស៊ីកូ៖ យោងតាមព័ត៌មានពីទូរទស្សន៍ CNN បានចេញផ្សាយនៅថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ
២០១២ នេះថា មានមនុស្សមួយចំនួន បានជឿថា ថ្ងៃនេះនឹងមិនមាននរណាម្នាក់ អាចរស់នៅ
លើផែនដីនេះទៀតទេ ដោយសារតែពួកគេ បានជឿជាក់ថា ថ្ងៃទី២១ ខែ១២ ឆ្នាំ២០១២ ជា ថ្ងៃ
រលាយនៃពិភពលោក តាមប្រតិទិនរបស់ជនជាតិម៉ាយ៉ាន ដែលជាជនដើមរស់នៅតំបន់ អាមេរិក
កណ្តាលនោះ។ ប្រការខាងលើនេះ ត្រូវបានជនជាតិម៉ាយ៉ាន អះអាងពួកគេមិនបាន ដឹងអំពីបញ្ហា
នេះទេ ព្រោះវាគ្រាន់តែជាការចាប់ផ្តើម សករាជថ្មីរបស់ពួកគេប៉ុណ្ណោះ។

ជនជាតិម៉ាយ៉ាន ដែលរស់នៅតំបន់ មឺរីដា នៃប្រទេសមិកស៊ីកូ ដែលមានការយល់ដឹងពី វប្បធម៌
របស់ខ្លួននោះបានអះអាងថា បើតាមប្រតិទិនដែលបន្សល់ទុក ដោយបុព្វបុរសរបស់ពួកគេ គឺ ថ្ងៃទី
២១ ខែ១២ ឆ្នាំ២០១២ នេះ គ្រាន់តែជាការរំដោះចេញពី ដំណាក់កាលនៃសករាជមួយ ទៅសករាជ
មួយទៀតតែប៉ុណ្ណោះ ប៉ុន្តែពួកគេមិនបានបញ្ជាក់ថា មនុស្សគ្រប់គ្នានឹងត្រូវ ស្លាប់នោះទេ។

ជាងចម្លាក់ឈើម្នាក់ឈ្មោះ សាន់តូស អេស្ទេបាន រស់នៅភូមិ យ៉ាហ្ស៊ូណា ដែលមានប្រជាជន ជា
ជនជាតិម៉ាយ៉ានរស់នៅជាង៧០០នាក់ និងត្រូវជាទីក្រុងបុរាណដែលមាន អាយុកាលតាំងពី ២០០០
ឆ្នាំមុនគ្រិស្តសករាជនោះ បានអះអាងថា “នេះជាសករាជថ្មី។ យើងសប្បាយចិត្ត ណាស់ដែលមើល
ឃើញ នូវការបញ្ចប់របស់វា។ មនុស្សជាច្រើនបាននិយាយថា វាជាថ្ងៃអវសាននៃពិភពលោក ប៉ុន្តែ
យើងមិនបានជឿលើវានោះទេ។”

បុរសខាងលើបានបង្ហាញ ពីអារម្មណ៍របស់លោក ថានេះជាឱកាសដ៏សំខាន់មួយ ដែលលោកកំពុង
ទន្ទឹងរង់ចាំ សម្រាប់ជីវិតថ្មីមួយ ហើយលោក មិនបានភ័យខ្លាចនោះទេ។

គួរបញ្ជាក់ផងដែរ ថា ថ្ងៃទី២១ ខែ១២ ឆ្នាំ២០១២ បានក្លាយជាភ័យខ្លាច និង មន្ទិលសម្រាប់មនុស្ស
មួយចំនួន ដោយសារតែមានការបកស្រាយ ខុសពីប្រតិទិនរបស់ជនជាតិម៉ាយ៉ាន ជាពិសេសដោយ
មាន ខ្សែរភាពយន្តអន្តរជាតិមួយចំនួន បានថតនិងបង្ហាញពីវិនាសកម្មដ៏ធំធេង នៃភពផែនដីក្នុងថ្ងៃ
នេះ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ