CamNews

អតីតទាហានខ្លាតាមិល បោះបង់កាំភ្លើង មកផលិតអាវទ្រនាប់

ខ្មាន់កាំភ្លើងរបស់ក្រុមបះបោរ ខ្លាតាមិល ដែលចាញ់សង្គ្រាមនៅ Sri Lanka នាំគ្នាបោះបង់អាវុធ
ដើម្បីចូលធ្វើការអោយក្រុមហ៊ុនមួយដែលផលិតអាវរឹបទ្រូង និងសម្ភារៈកីឡា។

MAS ដែលជាក្រុមហ៊ុនមួយនៅ Sri Lanka កំពុងសាងសង់រោងចក្រចំនួនពីរ ក្នុងតំបន់ Killinochi
ដែលរោងចក្រនេះនឹងផ្គត់ផ្គង់សម្លៀកបំពាក់ និងសម្ភារៈទៅអោយបណ្ដាក្រុមហ៊ុនធំៗនៅអឺរ៉ុប។
ក្រុមហ៊ុន MAS កំពុងប្រកាសជ្រើសរើសកម្មករ កម្មការិនីជាច្រើនពាន់នាក់ ដែលជាអតីតសមាជិក
របស់ក្រុមបះបោរ ខ្លាតាមិល នៅក្នុងតំបន់ Killinochi ដែលធ្លាប់ជាទីក្រុងនយោបាយមួយរបស់កង
កម្លាំងបះបោរខ្លាតាមិល (LTTE)។

រដ្ឋាភិបាល Sri Lanka  បានចំណាយប្រាក់ជាង ១,១ពាន់លានដុល្លារ ដើម្បីវិនិយោគនៅក្នុងតំបន់
ភាគខាងជើងនៃប្រទេសនេះ ចាប់តាំងពីសង្គ្រាមស៊ីវិល បានបញ្ចប់កាលពីឆ្នាំ ២០០៩។ Namal
Rajapaksa កូនប្រុសរបស់ប្រធានាធិបតី Sri Lanka ត្រូវបានប្រគល់តួនាទីក្នុងការអភិវឌ្ឍតំបន់
ខាងលើនេះ។

សូមរំលឹកថា សង្គ្រាមដ៏បង្ហូរឈាមរវាងរដ្ឋាភិបាល Sri Lanka និងក្រុមបះបោរ LTTE បានបណ្ដាល
អោយមានមនុស្សស្លាប់ប្រមាណជា ៤០,០០០នាក់ និងបង្កអោយមានការខូចខាតយ៉ាងធ្ងន់ធ្ងរ
ផ្នែកសេដ្ឋកិច្ច និងហេត្ថារចនាសម្ព័ន្ធនានារបស់ប្រទេស។ ក្នុងអំឡុងពេលប្រយុទ្ធគ្នា គេមើលឃើញ
ថា មេដឹកនាំធំៗរបស់ក្រុមបះបោរ ត្រូវបានគេសម្លាប់ស្ទើរតែទាំងអស់៕

 

 

ដោយ ៖ សីហា
ប្រភព ៖ Financial Times


Tags: LTTE​ Killinochi Sri Lanka ខ្លាតាមិល