ភ្នំពេញៈ នៅថ្ងៃទី១៨ ខែមិថុនានេះ តារាកំប្លែងស្រីសម្បូរវោហារស័ព្ទ ចាក់ទឹកមិនលិច អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានបង្កភាព ភ្ញាក់ផ្អើលមួយ ពេញបណ្តាញទំនាក់ទំនង សង្គម Facebook របស់នាង ក្រោយពីនាងបានបង្ហោះរូបថតមួយសន្លឹក ស្តែងឲ្យឃើញពីកា ររៀបចំពិធី បុណ្យសព របស់បុរសម្នាក់ ដែលអ្នកលេងបណ្តាញនេះ ជាច្រើនគិតថា ឪពុករបស់ ខ្ញុង ស្លាប់ ស្ទើរ តែគ្រប់ៗគ្នា។ ប៉ុន្តែក្រោយពីមាន ការលេចឮ បែបនេះ ភ្លាមៗម្ចាស់សាម៉ីខ្លួនរូបនេះ បាន ប្រញាប់ចេញមុខ បដិសេធចោលទាំងស្រុងថា មិនមែនជាការពិតនោះទេ ។
រូបថតមួយសន្លឹក ត្រូវបានតារាកំប្លែងមានភាពលេចធ្លោ ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអិន នាង ខ្ញុង បង្ហោះនៅលើ Account Facebook របស់នាងឈ្មោះថា "Knhong CTN" ដែលបង្ហាញថា នាង កំពុងតែជួបទុក្ខសោកយ៉ាងខ្លាំង ព្រោះតែបាត់បង់ មនុស្សជាទីស្រលាញ់ ។ លើរូបថតមួយនោះ គេឃើញបុរសវ័យជ្រេម្នាក់ ដែលគេសង្ស័យថា ជាឪពុកបង្កើតរបស់នាង ហើយថែមទាំង បាន សរសេរសារ ជាភាសាខ្មែរមួយថា “សូមជួយចូលរួម រំលែកទុក្ខពីនាងខ្ញុំស្រេង សុកាន់ដា សូម បងប្អូនមេត្តាជួយLike Share អរគុណ � 1like= បានបុណ្យ”។
ទាក់ទងនឹងការលើកឡើងខាងលើ ពីម្ចាស់សាម៉ីខ្លួន អ្នកនាង ខ្ញុង គួរឲ្យភ្ញាក់ផ្អើលនេះ នាងបាន ថ្លែងប្រាប់ គេហទំព័រ LookingTODAY ឲ្យដឹងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤នេះថា វាមិនមែន ជាការពិតនោះទេ នាងជាម្ចាស់មិនដឹងរឿងផងហើយ ចុះអ្នកណាយកទៅបង្ហោះ ធ្វើដូចជាមែន ទែន រឿងបែបនេះមិនមែនជារឿងកំប្លែង ដែលត្រូវយកមកនិយាយលេងសើចនោះទេ។
តារាកំប្លែងអ្នកមេម៉ាយចាយរាង កូនមួយ នាង ខ្ញុង បានប្រាប់ឲ្យដឹងទៀតថា "កុំថាឡើយ តែ ទស្សនិកជន សូម្បីតែខ្លួនខ្ញុំ ក៏ភ្ញាក់ផ្អើលដែរ ក្រោយពីបងខាងសារព័ត៌មាន LookingTODAY ទាក់ទងមកសួរបែបនេះ ព្រោះថាខ្ញុំមិនបានដឹងរឿងនោះទេ ហើយ Account Facebook ឈ្មោះ Knhong CTN នោះ គឺមិនមែនជារបស់ខ្ញុំទេ ទំនងជា មានអ្នកបន្លំយកឈ្មោះខ្ញុំ លេងហើយមើល ទៅ ហើយរឿងបុរស ដែលគេដាក់បង្ហោះនោះ ខ្ញុំក៏មិនដឹងថាជាអ្នកណាដែរ ព្រោះខ្ញុំមិន ទាន់ បានឃើញរូបនោះ នៅឡើយទេ...!"។
បើទោះជាយ៉ាងណា តារាកំប្លែង ខ្ញុង ក៏មិនបានបង្ហើបពីការ ចាត់វិធានការ ទៅលើអ្នកមាន ចេតនា យក Facebook របស់នាង មកបង្ហោះរឿងមិនពិត នាំឲ្យភ័ន្តច្រឡំធំនេះដែរ ដោយនាង គ្រាន់តែបង្ហើបឲ្យ ដឹងថា អ្នកដែលយកឈ្មោះ នាងទៅលេងគឺ សុំផ្អាកវិញទៅ ដោយសារតែនាង មិនចង់ឲ្យ មានបញ្ហាវែងឆ្ងាយ ឬក៏ធ្វើរឿងអ្វី ឲ្យទស្សនិកជន មានការយល់ច្រឡំ មកលើនាង និង គ្រួសារឡើយ ៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល