កុមារីអាយុ ២ឆ្នាំឈ្មោះ Yue Yue ដែលត្រូវបានរថយន្តកិនកាលពីពេលថ្មីៗនេះនៅក្នុងខេត្ត
ក្វាងទុង (Guangdong) ប្រទេសចិន បានបាត់បង់ជីវិតហើយនៅព្រឹកថ្ងៃសុក្រនេះ ។
គិលានុដ្ឋាយិកាម្នាក់ធ្វើការនៅក្នុងមជ្ឈមណ្ឌលសង្គ្រោះរបស់មន្ទីរពេទ្យពហុព្យាបាលទាហ៊ាន
ក្វាងចូវ (Guangzhou) បានអោយដឹងថាកុមារីឈ្មោះ Yue Yue បានស្លាប់បាត់បង់ជីវិតហើយ
នៅព្រឹកថ្ងៃសុក្រនេះ ដោយបដិសេធន៍មិនបញ្ជាក់ពីពត៌មានលំអិតអ្វីបន្ថែមនោះទេជុំវិញការ
បាត់បង់ជីវិតរបស់ Yue Yue នេះ និងបាននិយាយថាពត៌មានលំអិតនេះនឹងធ្វើការប្រកាសនៅ
ពេលក្រោយ ។
កុមារី Yue Yue ត្រូវបានរថយន្តដឹកទំនិញពីរគ្រឿងកិនកាលពីសប្តាហ៍មុន ខណៈពេលដែល
កុមារីនោះដើរនៅលើផ្លូវមួយនៅក្នុងផ្សារមួយក្នុងទីក្រុង Foshan ខេត្ត ក្វាងទុងភាគខាងត្បូង
ប្រទេសចិន ។
តាមការបង្ហាញពីម៉ាស៊ីនកាមេរ៉ាសន្តិសុខ បង្ហាញអោយឃើញថាមានមនុស្សម្នារជាច្រើន
បានធ្វើដំណើរនៅតាមផ្លូវដែលកុមារី Yue Yue ទទួលរងគ្រោះថ្នាក់តែពុំមាននរណាម្នាក់ចាប់
អារម្មណ៍នោះឡើយ ។ កុមារី Yue Yue ត្រូវបានអ្នកដំណើរលើដងផ្លូវនោះមិនចាប់អារម្មណ៍
អើពើរហូតដល់ពេលមានស្ត្រីរើសសំរាមម្នាក់ក្រឡេកឃើញរួចក៏បានមកបីនាងយកមកខាង
ចញ្ចើមផ្លូវ ។ កុមារីត្រូវបានបញ្ជូនមកមន្ទីរពេទ្យសង្គ្រោះបន្ទាន់មួយតែក្រោយមកវេជ្ជបណ្ឌិត
បា្រប់ថាខួរក្បាលរបស់នាងលែងមានដំណើរការហើយ ។ ហើយនៅព្រឹកថ្ងៃសុក្រនេះដែរ
ក៏ស្រាប់តែមានដំណឹងមកថាកុមារី Yue Yue បានបាត់បង់ជីវិតទៅហើយដែរ ក្រោមការជួយ
សង្រ្គោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងការអាណិតអាសូរពន់ពេករបស់មហាជន
ទូទៅ ។
ចំពោះទង្វើគ្មានមេត្តារបស់អ្នកបើកបររថយន្តទាំងពីរនោះមកលើក្មេងស្រី Yue Yue បូករួម
ទាំងការមិនអើពើរបស់អ្នកដំណើរទាំងឡាយដែលធ្វើដំណើរតាមដងផ្លូវកើតហេតុនោះ បាន
ធ្វើអោយមានការខឹងសម្បារយ៉ាងខ្លាំងពីសាធារណជនទូទៅក្នុងរយៈកាលកន្លងមក រហូត
មានអ្នកពិភពអ៊ីនធើណែតជាច្រើនធ្វើការបង្ហាញពីការខឹងក្រោធរបស់ខ្លួននៅតាមបណ្តា
គេហទំព័រមួយចំនួននៅក្នុងប្រទេសនេះផងដែរ ៕
ប្រភព៖ AP
ដោយ៖ រស្មី